សណ្ឋាគារមួយនៅខេត្តសៀមរាប ជាប់ជ័យលាភី ជាសណ្ឋាគារប៉ៃតងអាស៊ាន នៅវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២០ ស្ថិតនៅក្នុងប្រទេសប្រុយណេ

(សៀមរាម)៖ សណ្ឋាគារមេម័រ ផាលេស រីសត និងស្ប៉ា ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីឆ្នាំ២០១៩កន្លងមកនេះ សណ្ឋាគារនេះ បានបំបែកកំណត់ត្រាក្នុងការសន្សំដបផ្លាស្ទិចរហូតដល់ ២០០,០០០ដប ហើយក៏មានការរំពឹងទុកទ្វេរដងអំពីកំណើន នៃការសន្សំដបសម្រាប់គោលដៅឆ្នាំ២០២០នេះផងដែរ ។ 

តាមរយ:សកម្មភាពខាងលើសណ្ឋាគារត្រូវបានភ្ញៀវជាតិ និងអន្តជាតិទទួលស្គាល់យ៉ាងច្រើនថា ជាសណ្ឋាគារមួយដែលមានឆន្ទ:គិតគូយ៉ាងខ្លាំងជុំវិញការថែទាំបញ្ហាបរិស្ថានដោយគ្មានការប្រើប្រាស់ថង់ផ្លាស្ទិច ជាពិសេសនៅក្នុងរីសតផ្ទាល់តែម្តង ។

ជាមោទកភាពនោះគឺថ្មីៗនេះ សណ្ឋាគារមេម័រ ផាលេស រីសត ត្រូវបានជាប់ជ័យលាភី សណ្ឋាគារប៉ៃតងអាស៊ាន នៅវេទិការទេសចរណ៏អាស៊ានកាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងប្រទេសប្រុយណេ ដារ៉ុយសាឡឹម ដែលជាប្រទេសសមាជិកសមាគម នៃប្រជាជាតិអាស៊ីអាគ្នេយ៍យើងនេះ ។  

លោក សែត សុគុណ នាយក ផ្នែកលក់  និងជាតំណាងសណ្ឋាគារមេម័រ ផាលេស រីសត និងស្ប៉ា ដែលបានទៅទទួលជ័យលាភីដោយផ្ទាល់បានឱ្យដឹងថា៖មុននឹងទទួលបានជ័យលាភី ខាងសណ្ឋាគារបានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ លើការរៀបចំសំអាត អនាម័យ បរិស្ថានជាប្រចាំ និងសណ្តាប់ធ្នាប់របៀបរៀបរយជុំវិញ និងក្នុងសណ្ឋាគារ ធ្វើយ៉ាងណាឱ្យមានទិដ្ឋភាពបៃតងស្រស់ និងប្រកបដោយផាសុខភាព ដើម្បីទាក់ទាញ់ទេសចរណ៍ផង និងដើម្បីសុខមាលភាពសាធារណៈផង ហើយមុននឹងជ្រើសរើសជាប់ជាបេក្ខភាព សុទ្ឋតែត្រូវបានឆ្លងកាត់ការចុះពិនិត្យ និងវាយតម្លៃពីក្រសួងទេសចរណ៍ ។

សណ្ឋាគារមានចក្ខុវិស័យ និងមហិច្ឆតារចង់ឱ្យក្លាយខ្លួនជាទីស្នាក់មួយមានលក្ខណ:បៃតង គ្មានការប្រើប្រាស់ដបផ្លាស្ទិច សម្រាប់ជាគំរូដល់សណ្ឋាគារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសារមួយទៅកាន់ពិភពលោកទាំងមូលផងដែរ។ 

លោក សែត សុគុណ បន្តថា៖ សណ្ឋាគារមេម័រតែងតែយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មទៅលើការងារសង្គមដែលហៅកាត់ថា “ Corporates Social Responsibilities”។ 

ដើមឆ្នាំ២០២០នេះ សណ្ឋាគារមេម៉រ បានប្រមូលថវិកាចំនួន ៣៧,០៤៨ដុល្លារអាមេរិច ក្នុងរាត្រីបុណ្យឆ្លងឆ្នាំសកល នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមការចូលរួមបរិច្ចាកពីសប្បុរសជនជាតិ និងអន្តរជាតិ និងជាពិសេស ក្រោមការផ្តួចផ្តើមយ៉ាងពេញទំហឹងពីសំណាក់ ហាងគ្រឿងអលង្ការត្បូងពេជ្រ ជាងប៉ាក់វណ្ណហុង  ដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបប្រទះការខ្វះខាត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប