ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ អំពាវនាវដល់ប្រជាសហគមន៍ ដែលកំពុងប្រកបរបរកសិកម្ម អោយងាកមកធ្វើការដាំដុះតាមកិច្ចសន្យា ទើបអាចទទួលបានអត្ថប្រយោជន៍ច្រើន ពីរបរដាំដុះនោះ

 (ព្រះវិហារ)៖ ប្រជាសហគមន៍កសិកម្មចំនួន៨ នៅក្នុងខេត្តព្រះវិហារ បាននិងកំពុងសម្រុកប្រមូលផលដំឡូងមី ក្រោយការដាំដុះតាមកិច្ចសន្យា ហើយមានទីផ្សារសម្រាប់បញ្ចេញទិន្នផលដោយឥតកង្វល់ ព្រោះត្បិតមានក្រុមហ៊ុនមួយ ឈរចាំប្រមូលទិញផលកសិកម្ម ពីប្រជាសហគមន៍កសិករ ក្នុងមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ស្របពេលដែលតម្លៃទីផ្សារមានការកើនឡើងជាឆ្នាំកន្លងទៅ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា និងក្រុមការងារ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចុះទៅពិនិត្យការប្រមូលផលដំណាំដំឡូងមី របស់សហគមន៍កសិកម្ម សម្រាប់លក់ជូនក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា ហៅកាត់ « CACC » ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងឲ្យដឹងថា កសិករនៅតាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តព្រះវិហារ បាននិងកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលដំណាំដំឡូងមី ទាំងទឹកចិត្តរំភើបរីករាយ ព្រោះដំឡូងមីមានការកើនឡើងនូវតម្លៃសមរម្យ បន្ទាប់ពីប្រជាសហគមន៍បានប្រមូលផល និងលក់ជូនក្រុមហ៊ុន តាមរយះការធ្វើកសិកម្ម តាមកិច្ចសន្យា ដោយតម្លៃដំឡូងមី ក្នុង១គីឡូក្រាម ចាប់ពី ៣៧៤រៀល កើនដល់ទៅ ៣៩០រៀល ខណៈតម្លៃដំឡូងនៅក្នុងឆ្នាំកន្លងទៅ មានត្រឹមតែ ៣២០រៀល ទៅ ៣៣០រៀល ប៉ុណ្ណោះ។ 

លោកបានបន្តទៀតថា បច្ចុប្បន្ន ខេត្តព្រះវិហារ មានផ្ទៃដីដាំដុះដំណាំដំឡូងមី ប្រមាណជា ២ម៉ឺនហិកតា ហើយក្នុងនោះ មានសហគមន៍កសិកម្ម ចំនួន៨ មានសមាជិកជិត ៦០០គ្រួសារ ដែលបានធ្វើកសិកម្មតាមកិច្ចសន្យា ផ្គត់ផ្គង់ដំណាំដំឡូងមី ជិត៧ពាន់តោន ដើម្បីលក់ជូនក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា ហៅកាត់ « CACC » ។ លោកថា បើគិតត្រឹមពាក់កណ្ដាលខែមករានេះ ការប្រមូលផលដំណាំដំឡូងមី របស់ប្រជាកសិករ នៅទូទាំងខេត្ត សម្រេចបានប្រមាណ ២០ភាគរយនោះហើយ។

លោកពឹង ទ្រីដា បានផ្ដាំផ្ញើដល់ប្រជាកសិករ ដែលកំពុងប្រកបរបរដាំដុះដំណាំកសិកម្មទាំងអស់ គួរជ្រើសរើសពូជឲ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់ សម្រាប់ដាំដុះនៅឆ្នាំក្រោយៗទៀត ជាពិសេស ត្រូវធានាថា ពូជដែលជ្រើសយកទៅដាំនោះ គឺមិនមានផ្ទុកជំងឺ ដើម្បីជៀសវាងការខាតបង់ពេលវេលា ទិន្នផល ដើមទុន និងការបាត់បង់ពូជជាដើម។ ហើយកសិករទាំងអស់ គួរតែផ្ដោតលើការធ្វើកសិកម្ម តាមកិច្ចសន្យា ឬហៅថា កិច្ចសន្យាដាំដុះ ទើបជាការប្រសើរ ដែលអាចទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀត ដូចជា ជួយអោយសមាជិកសហគមន៍ ដែលជាអ្នកផលិត មានទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ កសិករមានកម្លាំងក្នុងចរចារជាមួយដៃគូរឯកជន និងមានតម្លាភាព កាត់បន្ថយការចំណាយតាមរយៈឈ្មួញកណ្តាល គ្មានការកាត់ភាពខូចខាតដូចឈ្មួញកណ្តាល ដោយគេកាត់ពី១០ភាគរយ ទៅ១៥ភាគរយ នៃទំងន់សរុប។ ចំណែក ក្រុមហ៊ុន ក្នុង១តោន គឺគិតថវិកាជូនកសិករ ១ពាន់គីឡូក្រាមពេញ ព្រមទាំងទទួលបានបច្ចេកទេសដាំដុះ ការប្រមូលផលថ្មីៗ និងទទួលបានធនធាន ក្នុងការអភិវឌ្ឍន៍សហគមន៍ នៅនឹងកន្លែងផ្ទាល់ ផងទៀត។

ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម លើកកម្ពស់កសិករ លោក ឌៀប ចម បានលើកឡើងថា កសិករ នៃសហគមន៍កសិកម្ម បានសម្ដែងទឹកចិត្តសប្បាយរីករាយយ៉ាងពន់ពេក គ្រាដែលតម្លៃ នៃទិន្នផល ត្រូវបានចុះកិច្ចសន្យា «កុងត្រា» ជាមួយក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា ហៅកាត់ « CACC »  ហើយទិន្នផលនៅក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំកន្លងទៅ រីឯ ឈ្មួញកណ្តាល បានប្រមូលទិញពីកសិករ ក៏មានតម្លៃខ្ពស់ ជាឆ្នាំមុននោះដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ