មន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី ផ្សព្វផ្សាយសារាចរណែនាំលេខ០១១ សហវ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់កាគ្រប់គ្រងឆ្នាំ២០២០

(រតនគិរី)៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១១ សហវ ចុះថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់កាគ្រប់គ្រងឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ប៉ូ ឫទ្ធី   អនុប្រធាននាយកដ្ឋានថវិកានីយកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក ប៉ែន ហេង ប្រធានស្តីទីនៃមន្ទីសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តរតនគិរី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោក ប៉ែន ហេង បានមានប្រសាសន៍ថា​ សារាចរណែនាំលេខ០១១នេះ ពិតជាមានសារៈសំខាន់ សម្រាប់អោយមន្រ្តីជំនាញថ្នាក់ក្រោមជាតិ បានយល់ដឹងពីគោលដៅនៃការប្រើប្រាស់ថវិកាឆ្នាំ២០២០ និងការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវច្បាស់លាស់។

លោកបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់កាគ្រប់គ្រងឆ្នាំ២០២០ គឺជាថវិការឆ្នាំទី២ ត្រូវបាន រៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយសំខាន់ជាសារវន្ត ដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងដំណើឆ្ពោះទៅលើមាគានៃការកែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍ ព្រមទាំងលើមូលដ្ឋាននៃសមិទ្ធិផលជាច្រើនដែលសម្រេចបានកន្លងមក ទាំងខាងនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលជាបុរេល័ក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍកម្ពុជា នៅដំណាក់កាលថ្មី ក៏ដូចជាក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យ២០៣០ និង២០៥០។

លោក ប៉ូ ឫទ្ធី អនុប្រធាននាយកដ្ឋានថវិកានីយកម្ម បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសកែទម្រង់ហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ សំដៅការអភិវឌ្ឍនៅតាមខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ភូមិ អោយមានការរីកចំរើន។

ដូច្នេះមន្រ្តីជំនាញ រដ្ឋបាល ស្រុក ក្រុង ឃុំសង្កាត់ ទាំងអស់ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវការអនុវត្តអភិបាលកិច្ចល្អអោយមានប្រសិទ្ធិភាពតាមវិធានកា​និងលិខិតបទដ្ឋាននិងប្រយ័ត្នប្រយែងដើម្បីឆ្លើយតបទៅ​ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ដែលជាមាគារយៈពេលមធ្យម សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយះពេលវែងរបស់ប្រជាជនកម្ពុជា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី