ស្មារតី៧មករា​ នៅស្ថិតស្ថេរជានិច្ចក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នក៏ដូចអនាគតយូរអង្វែង

(រតនគិរី)៖ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់​ ដែលបានអញ្ជើញចូលរួមក្នុងមិន្ទិញរំលឹកខួបអនុស្សាវរិយ៍លើកទី៤១ ​ថ្ងៃ៧មករា១៩៧៩-៧មករា២០២០ ដែលបានប្រារព្ធធ្វើឡើងនៅឃុំបាតាង​ ស្រុកលំផាត់​ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២០នេះ ឯកឧត្តម កុល ផាន់ណា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី និងជាប្រធានក្រុមការងារគណប្សប្រជាជនកម្ពុជា​ ចុះជួយឃុំបាតាង​បានលើកឡើងថា​ ស្មារតី៧មករា នៅស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន​ ក៏ដូចអនាគតយូរអង្វែងប្រៀបដូចជា ប្រទីបបំភ្លឺផ្លូវដែលនាំយើង ឈានពីជ័យជំនះមួយ ទៅជ័យជំនះមួយទៀតឥតឈប់ឈរ។​

ឯកឧត្តម បានលើកឡើងទៀតថា ស្មារតី៧មករា បានផ្តល់នូវមេរៀន និងបទពិសោធន៍ ដ៏មានតម្លៃបំផុត សំរាប់យើងទាំងអស់គ្នា ដើម្បីកសាង និងការពារមាតុភូមិតទៅមុខទៀត។ ស្មារតី៧មករា មានសត្រូវតែមួយប៉ុណ្ណោះគឺ របបប្រល័យពូជសាសន៍ ប៉ុល ពត​បានក្លាយជាបញ្ហា ក្នុងប្រវត្តិសាស្រ្តទៅហើយ ដូច្នេះអ្នកដែលប្រឆាំង និងស្មារតី៧មករា គឺជាអ្នកស្រលាញ់ របបប្រល័យពូជសាសន៍​ ជាអ្នកប្រឈម និងដំណើរការលូតលាស់របស់ប្រទេសជាតិ។

ឯកឧត្តមបន្តថា ជ័យជំនះ ៧មករា បានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅសល់ពីការកាប់សម្លាប់ បានទាន់ពេលវេលាហើយប្រជាជនដណ្តើម បានមកវិញនូវសិទ្ធសេរីភាពគ្រប់យ៉ាង បានប្រែក្លាយជាអ្នកធ្វើជាម្ចាស់លើ ជោគវាសនារបស់ខ្លួនពិតប្រាកដ។​ ហើយថ្ងៃជ័យជំនះ៧ មករា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤១ឆ្នាំ ដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល​៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

 

ឯកឧត្តម សមាជិកក្រុមការងារថ្នាក់ជាតិខាងលើ បានគូសបញ្ជាក់ទៀតថា របបព្រៃផ្សៃនេះ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ ត្រូវបានបាត់បង់ជីវិតហើយប្រទេសជាតិវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ឯកឧត្តម កុល ផាន់ណា បានរំលឹកកាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត​រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីកចម្រើន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មីផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី