អភិបាលរង​ខេត្តព្រះវិហារ​៖ «​បើ​គ្មាន​ថ្ងៃជ័យ​ជម្នះ​៧​មករា គឺ​គ្មានអ្វីៗ នៅថ្ងៃនេះ​ឡើយ​»

(​ព្រះវិហារ​)៖ ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧ មករា ១៩៧៩-៧ មករា ២០២០ ក្រោម​ការរៀបចំ​ប្រារព្ធ​ធ្វើឡើង ដោយ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក​.​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​គូសបញ្ជាក់ថា​៖ ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​បាន​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ដើម្បី​សង្គ្រោះ​ជាតិ​និង​ប្រជាជន​កម្ពុជា ឲ្យ​មានជីវិត​រស់រាន​ឡើងវិញ​រួចផុត​ពី​ការកាប់សម្លាប់​រង្គាល នៅ​របប​ដ៏​សាហាវយង់ឃ្នង​នេះ ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ជា​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​។​

​នៅក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មករា ខាងលើ​នេះដែរ ក៏មាន​ការចូលរួម ពី​សំណាក់​លោក ភី​វ ឌៀ​ន អភិបាលរង​ស្តីទី តំណាង​លោក​ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ខេត្ត ក្រុមប្រឹក្សា​ស្រុក​/​ឃុំ យុវជន សស​យក​ស្រុក កាកបាទ ក្រហម កម្ពុជា ស្រុក កាយរឹទ្ធិ ស្រុក និង​ប្រជាពលរដ្ឋ ប្រមាណ​១៣០០០​នាក់​។​

​ឯកឧត្តម ស៊ូ សិរី បាន​ថ្លែង​បញ្ជាក់ថា «​បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ​១៨​មីនា​១៩៧០ ក៏​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត បើ​គ្មាន​របប​ប្រល័យ​សាសន៍ ក៏​គ្មាន​ជ័យជម្នះ​៧​មករា បើ​គ្មាន​ជ័យជម្នះ​៧​មករា គឺ​គ្មានអ្វីៗ នៅថ្ងៃនេះ​ឡើយ​»​។ ឯកឧត្តម​បន្តថា​៖ ក្នុង​រយៈពេល​៤១​ឆ្នាំ កន្លងមកនេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​គោលដៅ​សំខាន់ៗ ដែលជា​បំណងប្រាថ្នា​របស់​ប្រជាជន គឺ​រក្សាបាន​នូវ​សន្តិភាព ការអភិវឌ្ឍ និង​ការលើកស្ទួយ​កំរិតជីវភាព​រស់នៅ របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​ផ្ដល់នូវ​យុត្តិធម៌ ជំនឿ​ទុកចិត្ត ខិតខំ​ប្រឹងប្រែង​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ប្រជាជន​និង​សង្គមជាតិ​ទាំងមូល​។​

​ឯកឧត្តម​ស៊ូ សិរី បន្ត​បញ្ជាក់ថា «​អរគុណ​សន្ដិភាព អរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​វីរជន​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា បានធ្វើឱ្យ​កម្ពុជា មាន​សន្ដិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ បើ​គ្មាន​សន្ដិភាព មិនអាច​និយាយ​ទៅដល់​អ្វី​ទាំងអស់​, សន្ដិ​ភាពជា​បេះដូង របស់​ប្រជាជន​កម្ពុជា​យើង​»​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​គាំទ្រ​សន្ដិភាព ត្រូវ​អរគុណ​សន្តិភាព ចូលរួម​ទាំងអស់គ្នា​ថែរក្សា​សន្ដិភាព គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​ប្រទេស ទៅកាន់​សន្ដិភាព រឹងមាំ​ជា​បន្ដបន្ទាប់​រៀងរហូត​។​

​ទទឹម​នឹង​ទទួលបាន​នូវ​សន្តិភាព ក្នុងនាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខិតខំ​បំពេញភារកិច្ច​ស្នូល និង​ការផ្ទេរ​មុខងារ​ព្រមទាំង​ធនធាន និង​បន្ត​អបរំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ ឲ្យ​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង​និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​។​

​ជាមួយគ្នានេះ​ឯកឧត្តម ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​ជូន​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ដែល​ទទួលបាន​ជ័យលាភី​ក្នុងនោះ​៖ ក្រុម​មហាជន​លេខ​១.​ទទួលបាន​ពាន​១ បាល់​១ ថវិកា​៤០​ម៉ឺន​រៀល​,​លេខ​២.​ទទួលបាន​បាល់​១ ថវិកា​៣០​ម៉ឺន​រៀល​,​លេខ​៣.​ទទួលបាន​បាល់​១​ថវិកា​២០​ម៉ឺន​រៀល​,​និង​ក្រុម​កីឡាករ​បាល់ទាត់​សិស្សានុសិស្ស​ក្រុម​បុរស និង​ក្រុម​ស្ត្រី លេខ​១.​ទទួលបាន ពាន​១ ថវិកា​២០​ម៉ឺន​រៀល​, លេខ​២.​ទទួលបាន​បាល់​១ ថវិកា​១៥​ម៉ឺន​រៀល​,​លេខ​៣.​ទទួលបាន​បាល់​១ និង​ថវិកា​១០​ម៉ឺន​រៀល​៕ (​សម្រួល​ដោយ​៖ ធូ កុសល​)​