ឯកឧត្តម សេង ទៀង នាំយក​ថវិកា​ប្រគល់ជូន​គ្រួសារ​សព​ជនរងគ្រោះ​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប (​គ្រួសារ​សព​អ្នក​ខេត្តកំពង់ធំ​)

(​កំពង់ធំ​)៖ ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ ឯកឧត្តម ញឹក បាន​ខេង អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​សហការី បាន​អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំយក​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ ដែល​ទទួលបាន​ពី​ការបរិច្ចាគ​ពី​សប្បុរសជន​ទៅ ផ្តល់ជូន​គ្រួសារ​សព ប្អូនប្រុស សេង ប៉េង​អាន ដែល​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ កម្ពស់​៦​ជាន់ នៅ​ខេត្ត​កែប កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០​កន្លងទៅ ហើយ​ពិធី​ប្រគល់​ថវិកា​នេះ​ស្ថិតនៅ​ធនាគា​អេស៊ីលីដា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។

​ឯកឧត្តម សេង ទៀង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​អំពាវ​នាវ​ដល់​សប្បុរសជន និង​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​អគារ​បាក់រ​លំនៅ​ខេត្ត​កែប កាល​ល្ងាច​ពីថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅនេះ​។​

​គួរ​ជម្រាប​ថា ករណី​បាក់​រលំ​អគារ​កម្ពស់ ៦​ជាន់ នៅក្នុង​ខេត្ត​កែប បាន​បណ្តាលឱ្យ​មនុស្ស​រងគ្រោះ​និង​បាត់បង់​ជីវិត​សរុប ៥៩​នាក់ (​ស្រី​២២​នាក់​) ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន​៣៦​នាក់ (​ស្រី​១៤​នាក់​) ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ មាន​ក្មេង​ចំនួន​០៦​នាក់ (​ក្មេងស្រី​២​នាក់​) និង​រងរបួស​ចំនួន​២៣​នាក់ (​ស្រី​០៨​នាក់​)៕ (​សម្រួល​ដោយ​៖ ធូ កុសល​)​