ផ្ទាំងគំនូរ​រូបភាព 3D នៅ​សារមន្ទីរ​អាត​ប៊ុ​ក មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍ !

(​សៀមរាប​)៖ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង នូវ​ផ្ទាំង​រូប​ភាពជា​គំនូរ​ស្រ៊ី​ឌី (3D) នៅពេល​ចូល​ទស្សនា​ក្នុង​សារមន្ទីរ​អាត​ប៊ុ​ក ”Art Box” ស្ថិតនៅ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដោយ​ក្នុង​មួយថ្ងៃ​មាន​អ្នក​ទៅ​ទស្សនា​ប្រមាណ​ពី​២០០ ទៅ​៣០០​នាក់​។​

​កញ្ញា ម៉ី ធីតា ប្រធាន​ទំនាក់ទំនង​ទីផ្សារ របស់​សារមន្ទីរ​ស្រ៊ី​ឌី​អាត​ប៊ុ​ក ខេត្ដ​សៀមរាប កញ្ញា​បានអោយដឹង​នៅ​ថ្ងៃទី​១៦ មករា​នេះ​ថា សារមន្ទីរ​នេះ​មាន​រូប​ផ្ទាំងគំនូរ​ស្រ៊ី​ឌី​ដោយ​គូរ​ជា​រូបភាព​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌ នៅ​បណ្ដា​ប្រទេស​អាស៊ី និង​អ៊ី​រ៉ុ​បប្រមាណ​១៥០​ផ្ទាំង នៅក្នុង​ប្រទេស​ប្រមាណ​ជាង​៤០ ។​
​កញ្ញា​បាន​បន្ដថា រូបគំនូរ​ស្រ៊ី​ឌី​នេះ មាន​លក្ខណៈ​ធំ​ដំបូង​គេ ហើយ​ជា​រូបភាព​មាន​ទេសភាព​ពិតៗ ដូច​បាន​ទៅ​ទស្សនា​ផ្ទាល់​នៅតាម​បណ្ដា​ប្រទេស​នីមួយៗ​ដូច្នេះ​ដែរ​។ ជាមួយគ្នា​នោះ​រូបគំនូរ​ស្រ៊ី​ឌី​ដ៏​អស្ចារ្យ​នេះ​គូរ​ដោយ​វិចិត្រករ មកពី​ប្រទេស​កូរ៉េ ហើយ​មាន​ដាក់តាំង​នៅក្នុង​សារមន្ទី​រអាត​ប៊ុ​ក នៅពេល​ពួកគេ​បាន​ទស្សនា​ហាក់​មាន​អារម្មណ៍​ស្រមើ​ស្រ​ម៉ៃ​ដូច​បាន​ទៅដល់​ប្រទេស​នោះ​អីចឹង​ដែរ​។​

​កញ្ញា​បាន​បន្ដទៀតថា នៅក្នុង​សារមន្ទីរ​នោះ​ទៀតសោត​ក៏មាន​បង្ហាញ​ជា​រូប​ដ៏​អស្ចារ្យ នៃ​ប្រាសាទ​អង្គរវត្ដ និង​កំផែង​ប្រទេស​ចិន​ផងដែរ ដើម្បីអោយ​មានការ​ទាក់ទាញ​អ្នក​ទេសចរណ៍​មក​ទស្សនា​នៅ​ខេត្ដ​សៀមរាប​ថែមទៀត​។​

​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ​ពីររូប​បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ ក្រោយ​ពេលដែល​បាន​ទស្សនា​រូបភាព​បង្ហាញ​ពី​អត្ដ​សញ្ញាណ​ប្រទេស​ជាង​៤០ នៅ​អាស៊ី និង​អឺរ៉ុប ក្នុង​សារមន្ទីរ​នោះ​រួចមក​។ ភ្ញៀវ​ទេសចរណ៍​ពីររូប​នោះ ពួកគាត់​បានអោយដឹង​ស្រដៀង​គ្នា​ថា រូបភាព​ទាំងនេះ​មាន​ភាព​ទាក់ទាញ និង​មាន​អារ​ម្ម​ណ៌​ដូច​បាន​ទៅដល់​ប្រទេស​ទាំង​នោះដែរ​។

​ពួកគាត់​បាន​បន្ថែមថា នៅពេល​បាន​ទស្សនា​ម្តង​ហើយនឹង​ចង់​ទស្សនា​ម្ដងទៀត ព្រោះ​ជា​រូប​មាន​ភាពរស់រវើក ពីព្រោះ​បង្ហាញ​ក្ដី​ស្រមើស្រមៃ​ពិតៗ​។ ជាង​នោះ​ទៅទៀត​ភ្ញៀវ​ទេសចរណ៍​អាច​ថតរូប​ជាមួយ​ផ្ទាំងគំនូរ​ដ៏​ល្អឥតខ្ចោះ​នោះបាន​យ៉ាង​រស់​រវើក​ថែម​ទៀតផង​។

​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ ចង់អោយ​ពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនា​រូបភាព​ស្រ៊ី​ឌី​នៅ​សារមន្ទីរ​នោះ ព្រោះ​វា​បានបង្ហាញ​ពី​ភាព​អស្ចារ្យ នៃ​វប្បធម៌ និង​អា​រិ​យ​ធម៌​ពិតៗ​នៅលើ​ពិភពលោក​។​

​បើតាម​អ្នកគ្រប់គ្រង​សារមន្ទី​រអាត​ប៊ុ​ក បានអោយដឹងថា សារមន្ទីរ​គំនូរ​ស្រ៊ី​ឌី​អាត​ប៊ុ​ក​នេះ បង្កើតឡើង​រយ​:​ពេល​២​ឆ្នាំ​មកហើយ នៅលើ​ផ្ទៃដី​ប្រមាណ​១​ហិកតា ។ ការបង្កើត​សារមន្ទីរ​នេះ ក្នុង​គោលបំណង​ចង់អោយមាន​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ខេត្ដ​សៀមរាប ព្រោះ​រូបគំនូរ​ស្រ៊ី​ឌី​នេះ ក៏​បង្ហាញ​ពី​វប្បធម៌​ខ្មែរ នៅ​ប្រាសាទ​អង្គរវត្ដ​ផងដែរ​។

​គិត​មកដល់ពេលនេះ​សារមន្ទីរ​នេះ​មាន​អ្នក​ចូល​ទស្សនា​ក្នុង​មួយថ្ងៃៗ​ប្រមាណ​ពី ២០០​ទៅ​៣០០​នាក់ ៕ (​អត្ថបទ និង​រូបភាព​: លោក​ប៊ូ សា​វី កែសម្រួល​ដោយ លីវ សុខុន !!!)​