ក្រុមនិស្សិតផ្នែកសារព័ត៌មាន មកពីសាកលវិទ្យាលកេមយ៉ង នៃសាធារណរដ្ឋកូរ៉េ មកទស្សនកិច្ចសិក្សានៅមន្ទីរព័ត៌មានខេត្តសៀមរាប

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ង នៃសាធារណរដ្ឋកូរ៉េ ចំនួន ១៤រូប ដឹកនាំដោយលោក គិម យ៉ូចូ សាស្ត្រាចារ្យនៃសាកលវិទ្យា ល័យ កេមយ៉ង បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ដោយមានការទទួលបដិ សណ្ឋាកិច្ចពីសំណាក់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត និងលោក លោកស្រី ជាអនុប្រធានមន្ទីរ និងប្រធានការិយាល័យចំណុះមន្ទីរព័ត៌មានខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក គិម យ៉ូចូ បានសម្តែងនូវក្ដីសប្បាយរីករាយ ចំពោះថ្នាកដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានទទួលស្វាគមន៍ក្រុមប្រតិភូរបស់លោកដោយភាពរាក់ទាក់ និងកក់ក្ដៅបំផុត ។ ខណ:ដែលក្រុមនិស្សិត មកទស្សនកិច្ចនៅមន្ទីរព័ត៌មានខេត្ត នាពេលនេះ គឺក្នុងបំណងសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់បន្ថែមទៀត អំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ។

ជាការឆ្លើយតប លោក លីវ សុខុន បានសម្ដែងនូវការស្វាគមន៍ដោយក្តីសោមនស្សរីករាយក្រៃលែង ចំពោះវត្តមានគណ:ប្រតិភូ នៃសាកលវិទ្យាលកេមយ៉ង ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅមន្ទីរព័ត៌មានខេត្តសៀមរាមនាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ និងក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ង ដែលមានចំណាប់អារម្មណ៍ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាបនេះ ។

លោក លីវ សុខុន មានប្រសាសន៍ទៀតថា មន្ទីរព័ត៌មានខេត្តសៀមរាប មានការិយាល័យជាចណុះចំនួន៥ការិយាល័យ ក្នុងនោះមានការិយាល័យចំនួន០២ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយ គឺការិយាយល័យវិទ្យុ ដែលមានស្ថានីយមួយឈ្មោះថា វិទ្យុFMនគរភ្នំ ផ្សាយតាមរលកធាតុអាកាសប៉ុស្តិ៍លេខ ១០៣ មេហ្កាហឺត ផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង៣០នាទីព្រឹក រហូតដល់ម៉ោង១១យប់ និងការិយាល័យទូរទស្សន៍ ស្ថានីយមួយឈ្មោះថា ទូរទស្សន៍ជាតិខេត្តសៀមរាប ផ្សាយតាមស្ថានីយទូរទស្សន៍ខ្សែកាបអង្គរខេត្តសៀមរាប ប៉ុស្តិ៍លេខ៩៥ និងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ផ្សាយជារៀងរាល់ថ្ងៃ គឺផ្សាយពេញ២៤ម៉ោង ។

លោក លីវ សុខុន បានបន្ថែមទៀតថា ការផ្សាយរបស់វិទ្យុFM និងទូរទស្សន៍ជាតិខេត្តសៀមរាបនេះ គឺផ្ដោតជាសំខាន់លើការអប់រំ និងការយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ , អភិបាលកិច្ចល្អ , ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ជាពិសេស ការផលិតព័ត៌មានលើការអភិវឌ្ឍគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងក្នុងខេត្តសៀមរាប ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ សហការី