ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ជម្រុញ​កសិករ​អោយ​បង្កើន​ការដាំ​បន្លែ​សុវត្ថិភាព ដើម្បី​ធានាបាន​គុណភាព អនាម័យ និង​សុខភាព ដែលជា​តម្រូវ​ការចាំបាច់​របស់ ប្រជាពលរដ្ឋ​កម្ពុជា !

(ព្រះវិហារ)​៖ ការ​ជម្រុញ​ដល់​ប្រជាកសិករ ឲ្យ​បង្កើន​ការដាំដុះ​បន្លែ​សុវត្ថិភាព របស់​អនុរដ្ឋលេខាធិការ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកស្រី យ៉ើ អាស៊ី​គីន បាន​ថ្លែង​ក្នុង​គ្រា​ដែល​លោកស្រី រួមជាមួយ​នឹង​ដៃគូរ​អភិវឌ្ឍន៍ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ដង់​លក់​បន្លែ​សុវត្ថិភាព និង​ការដាំដុះ​បន្លែ​សុវត្ថិភាព របស់​ប្រជាកសិករ ដែល​គាំទ្រ​ដោយ​គម្រោង​បន្លែ​ផ្លែឈើ​កម្ពុជា ហៅ​កាត់​ថា « គម្រោង​ឈេ​ន » នៅក្នុង​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៥​មករា ម្សិលមិញ​នេះ​។​

នៅក្នុង​ដំណើរ ចុះ​ពិនិត្យ​ស្ដង់​លក់​បន្លែ​សុវត្ថិភាព និង​ការដាំដុះ​បន្លែ​សុវត្ថិភាព របស់លោក​ស្រី យ៉ើ អាស៊ី​គីន និង​សហការី នោះ​ទៀត ក៏មាន​ការចូលរួម​ពី តំណាង​ក្រសួង​កិច្ចការនារី ភ្នាក់ងារ​អភិវឌ្ឍន៍​ស្វី​ស SDC ថ្នាក់ដឹកនាំ​គម្រោង​ឈេ​ន និង​ក្រុមការងារ​មន្ទីរជំនាញ ផងដែរ បាន​ចុះ​ពិនិត្យ​ស្ដង់​លក់​បន្លែ​សុវត្ថិភាព ដែលមាន​ទីតាំងនៅ​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះវិហារ និង​បាន​បន្ដ​ចុះ​ពិនិត្យ និង​សិក្សា​ពី​ការដាំដុះ​បន្លែ​សុវត្ថិភាព របស់​ប្រជាកសិករ ដែលជា​សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ គាំទ្រ​ដោយ​គម្រោង​ឈេ​ន ចំនួន ២​គ្រួសារ គឺ​លោក ហែម ជាតិ និង​ភរិយា ស្ថិតនៅ​ភូមិ​គោក​បេង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ និង​លោក វ៉ាង វ៉ា និង​ភរិយា ស្ថិតនៅ​ភូមិ​កំពង់ចំលង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។

កសិករ​ទាំងពីរ​គ្រួសារ ដែល​សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ នៃ​គម្រោង​ឈេ​ន បាន​លើកឡើងថា ចាប់តាំងពី​គ្រួសារ​របស់លោក ចូល​ជា សមាជិក​បណ្ដុំ​អាជីវកម្ម​បន្លែ ដែល​គាំទ្រ​ដោយ​គម្រោង​ឈេ​ន និង​មានការ​គាំទ្រ​ពី​មន្ដ្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​នោះមក លោក​ទទួលបាន​ធនធាន​ផ្នែក​ដាំ​ដុះ​បន្ថែម នូវ អត្ថប្រយោជន៍ បទពិសោធន៍ និង​ការយល់ដឹង​ជាច្រើន អំពី​សារៈសំខាន់ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​បច្ចេកទេស​ទំនើប​ក្នុង​ការដាំដុះ ដែលជា​ទុន និង​ទំនុកចិត្ត​ដ៏​រឹងមាំ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម ក្នុងការ​រកប្រាក់​ចំណូល ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ​របស់​ពួកគាត់ បាន​យ៉ាង​ល្អប្រសើរ​។​

អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកស្រី យ៉ើ អាស៊ី​គីន បាន​ថ្លែង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដាំ​បន្លែ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​គម្រោង​ឈេ​ន សម្រេចបាន​យ៉ាង​ល្អប្រសើរ​នេះ​។ លោកស្រី អនុរដ្ឋលេខាធិការ ក៏បាន​ណែនាំ​បន្ថែម ដល់​កសិករ​ដាំ​បន្លែ​សុវត្ថិភាព ត្រូវខិតខំ​បន្ថែមទៀត ទាំង​ការងារ​អនុវត្ត និង​ទ្រឹស្ដី ដើម្បី​ជា​ទុន​ក្នុង​ការផលិត​បន្លែ ដែល​ធានា​ន​បាន​ទាំង​គុណភាព អនាម័យ សុវត្ថិភាព និង​ក៏​ដើម្បី​ឆ្លើយតប តាម​សេចក្ដីត្រូវការ​របស់​អ្នក​បរិភោគ ក៏ដូចជា ប្រជាពលរដ្ឋ​កម្ពុជា ពិសេស គួរ​សិក្សា​បន្ថែម ក្នុងការ​ជ្រើស​យក​ប្រភេទ​បន្លែ ដែលមាន​ទីផ្សារ តម្លៃ​ខ្ពស់ និង​ទុក​បានយូរ មិន​ងាយ​ខូច​ជាដើម​។​ល​។



មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បានបង្ហាញ​របាយការណ៍​ថា នៅក្នុង​ឆ្នាំ​២០១៩ កន្លងទៅ មន្ទីរ​កសិកម្ម មាន​ក្រុម​កសិករ ចំនួន ៥៩​ក្រុម ក្នុងនោះ​ក្រុម​ដាំ​បន្លែ​អាជីព មាន​៩​ក្រុម ក្រុម​ដាំ​បន្លែ​ពាក់កណ្ដាល​អាជីព ៣៤​ក្រុម និង​ក្រុម​ដាំ​ហូប ចំនួន ១៥​ក្រុម​។ លើសពីនេះ​ទៀត មន្ទីរ​មាន​ពិសោធន៍​ក្រុម​ដាំ​បន្លែ​អាជីព និង​ពាក់កណ្ដាល​អាជីព ចំនួន ៣០​បង្ហាញ ដោយបាន​បញ្ចប់​ការធ្វើ​បង្ហាញ ចំនួន​២៤ និង​ការបង្ហាញ​ក្នុង​ក្រុម​ដាំ​ហូប មាន​១៦​បង្ហាញ​។ ចំពោះ​ការឧបត្ថម្ភ​ដល់​ក្រុម​កសិករ នោះ​វិញ គឺមាន​គ្រាប់ពូជ ប្រព័ន្ធ​តំណក់ទឹក កៅស៊ូ​គ្រ​បរង ជី​ទ្រាប់​បាត​ទ្រើង ត្រេ​បណ្ដុះ​កូន រួម​នឹង​សម្ភារៈ​មួយចំនួនទៀត ហើយ​មន្ដ្រី​ជំនាញ នៅតែ​បន្ដ​គាំទ្រ​ផ្តល់​បច្ចេកទេស ទៅដល់​ប្រជាកសិករ ក្នុង​ការដាំដុះ​បន្លែ​ជានិច្ច​៕​ (សម្រួលដោយ៖ ធូ កុសល)