មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ រៀបចំពិធីក្រុងពលីសាងសង់សារមន្ទីរខេត្ត សម្រាប់ដាក់តាំងបង្ហាញនូវវត្ថុដ៏មានតំលៃផ្នែកសិល្បៈ ប្រវត្ដិសាស្ដ្រ និងផ្នែកបុរាណវិទ្យារបស់ខ្មែរ ដើម្បីឱ្យសាធារណៈជនជាតិ អន្ដរជាតិ បានចូលទស្សនា និងសិក្សាស្រាវជ្រាវ

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានរៀបចំពិធីសែនក្រុងពាលី សាងសង់សារមន្ទីរខេត្តព្រះវិហារមួយខ្នង ដែលមានទីតាំងស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ ក្រោមការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ, ឯកឧត្តម យ៉ុង គឹមហ៊ាន ប្រធាន   ស.ស.យ.ក ខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធមួយចំនួន និងមន្ដ្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូបទៀត។
 
លោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា អគារសារមន្ទីរ ដែលបានរៀបចំពិធីសែន ក្រុងពាលីសាងសង់នាពេលនេះ មានទំហំ ទទឹង ៥២ម៉ែត្រ និងបណ្ដោយ ១២ម៉ែត្រ ធ្វើពីបេតុងប្រកក្បឿង ដោយប្រើប្រាស់ថវិការរដ្ឋ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ខាងមុខ។ បន្ថែមពីនេះលោកថា ការសាងសង់សារមន្ទីរនេះឡើង ក្នុងគោលបំណងដើម្បី ដាក់តាំងបង្ហាញនូវវត្ថុដ៏មានតំលៃផ្នែកសិល្បៈ ប្រវត្ដិសាស្ដ្រ និងផ្នែកបុរាណវិទ្យារបស់ខ្មែរជាច្រើនប្រភេទ ដែលមាននៅក្នុងឃ្លាំងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារស្រាប់ ប្រមាណជា ៣០០ដុំ និងដើម្បីផ្ដល់ជូនសាធារណៈជាតិ អន្ដរជាតិបានចូលមកទស្សនា សិក្សាស្រាវជ្រាវ អំពីតម្លៃ និងប្រវិត្តិរបស់វត្ថុបុរាណនីមួយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ