ក្រុមមហ៊ុន អិន ស៊ី អិច រៀបចំកម្មវិធីដំណើរកំសាន្តទេសចរណ៍ និងសុវត្ថិភាពបើកបរ ជាមួយនិង ហុងដា ADV១៥០ នៅខេត្តរតនគីរី

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន អិន ស៊ី អិច (NCX) បានរៀបចំបើកពិធីដង្ហែក្បួនម៉ូតូសេរីទំនើប ដែលពិធីនេះធ្វើឡើងនៅមុខ បរិវេណសាលាខេត្តរតនគិរី  ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោក ខាន់ឆៃ គៀស្រ៊ីថាណាកន នាយកប្រតិបត្តិក្រុមហ៊ុន អិន ស៊ី អិច។
លោក ខាន់ឆៃ គៀស្រ៊ីថាណាកន នាយក ប្រតិបត្តិក្រុមហ៊ុន អិន ស៊ី អិច បានឱ្យដឹងថា  គោលបំណងនៃការប្រារព្ធធ្វើពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក  និងសុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវ សំដៅ ចូលរួមចំណែកកាត់បន្ថយបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
ឯកឧត្តម ថង សាវុន មានប្រសាសន៍ថ្លែង អំណរគុណចំពោះក្រុមហ៊ុន អិន ស៊ី អិច ដែល បានយកទីតាំងខេត្តរតនគិរីជាចំណុចចាប់ផ្តើម នៃការបើកពិធីដង្ហែរក្បួនម៉ូតូសេរីទំនើប ឆ្ពោះទៅកាន់ទីរួមខេត្តមណ្ឌលគិរី។
ឯកឧត្តម បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តក្នុងឆ្នាំ២០១៩កន្លងមក មានការថយចុះបើធៀប ទៅនឹងឆ្នាំ២០១៨ ប៉ុន្តែនៅតែជាបញ្ហាគួរកត់សម្គាល់ ដែលជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សុខុមាលភាពពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាល។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវ   និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ ចូលរួម អនុវត្តនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។  ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន NCX   បានឧបត្ថម្ភ អង្ករចំនួន ៣តោន មួក ៨៣មួក និងថវិកាចំនួន ៣លានរៀល ជូនដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី