ស.ស.យ.ក ខេត្តកំពង់ចាម គ្រោងនឹងរៀបចំដំណើរការក្លឹបសិក្សានៅខែកុម្ភ:ខាងមុខនេះ

 

កំពង់ចាម÷ បន្ទាប់ពីប្រជុំពិភាក្សាគ្នាជាច្រើនលើកមកហើយនោះ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះគណ:កម្មាធិការ ស.ស.យ.ក ខេត្តកំពង់ចាមដឹកនាំដោយ លោក ហាន កុសល បានសម្រេចដាក់ចេញនូវផែនការសកម្មភាពជាច្រើនដែលមានប្រយោជន៍ដល់យុវជនក្នុងខេត្តកំពង់ចាម ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។

កម្មវិធីទី១ដែលគ្រោងនឹងរៀបចំនៅខែកុម្ភ: ដើមឆ្នាំ២០២០នេះគឺ “ក្លឹបសិក្សា ស.ស.យ.ក ខេត្តកំពង់ចាម” ។ ក្លឹបនេះនឹងដំណើរការនៅស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាមផ្ទាល់ ដោយសិក្សាតែថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ ដែលមានចំនួន៣០ម៉ោង។ សិស្ស និស្សិត ដែលចុះឈ្មោះចូលរៀនក្នុងក្លឹបនេះត្រូវចូលរួមអោយបានទៀងទាត់តាមមុខវិជ្ជា និងម៉ោងសិក្សាដែលបានកំណត់ទើបទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

មុខវិជ្ជាដែលនឹងដាក់បញ្ចូលក្នុងក្លឹបសិក្សានេះគឺសុទ្ធតែមានប្រយោជន៍សម្រាប់ការសិក្សារបស់ប្អូនៗ មិនថាជាចំណេះដឹងទូទៅ ជាការចូលរួមក្នុងសង្គម ជាការស្វែងរកឱកាសការងារ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ក៏ដូចជាការបង្កើតនូវគំនិតផ្ដួចផ្ដើមប្រកបដោយភាពច្នៃប្រឌិតថ្មីៗដើម្បីអភិវឌ្ឍខ្លួនឈានទៅរកអនាគតដ៏ត្រចះត្រចង់មួយ។ វាគ្មិនដែលនឹងស្ម័គ្រចិត្តមកចែករំលែកចំណេះដឹងក្នុងក្លឹបសិក្សានេះគឺជារៀមច្បង ស.ស.យ.ក ខេត្តកំពង់ចាម និងវាគ្មិនស្ម័គ្រចិត្តជំនាញៗជាច្រើនរូបទៀត។

គួររំលឹកផងដែរថាក្រៅពីក្លឹបសិក្សានេះ ស.ស.យ.ក ខេត្តកំពង់ចាម គ្រោងនឹងរៀបចំនូវកម្មវិធីថ្មីៗជាច្រើនទៀតក្នុងឆ្នាំ២០២០នេះ។