សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១៤មករានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួបសំណេះសំណាល និងពិសាអាហារសាមគ្គីប្រចាំឆ្នាំជាលើកទី៤ ជាមួយមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងស្រុកជិត៦ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។

ដោយមើលឃើញពីការរួមចំណែកដ៏មានសារៈសំខាន់របស់អ្នកព័ត៌មាននេះហើយ ជាហេតុនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ឱកាសចូលរួមស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មានជារៀងរាល់ដើមឆ្នាំថ្មី និងចំថ្ងៃដែលសម្តេចត្រូវបានសភាផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជា។ រយៈពេល៣ឆ្នាំកន្លងទៅក្នុងពេលអញ្ជើញផ្តល់កិត្តិយសពិសាអាហារសាមគ្គីនេះ សម្តេចតេជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលំអរឱ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍន៍សង្គមកម្ពុជា។ ដោយឡែកអ្នកព័ត៌មានវិញ ក៏មិនខុសពី៣ឆ្នាំកន្លងទៅនោះដែរ។ ពួកគេបានចាត់ទុកពេលវេលានៃការជួបអាហារសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ពួកគេ។ ក្រុមអ្នកព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការពិសាអាហារសាមគ្គី គឺជាការផ្តល់កិត្តិយស និងផ្តល់តម្លៃដ៏ធំធេងសម្រាប់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

គួរឲ្យដឹងទៀតថា មុន២ថ្ងៃនៃជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ចាត់ ទុក ការ ផ្សព្វផ្សាយ ព័ត៌មាន វិជ្ជមាន អំពី ប្រទេស កម្ពុជាជា ការ ចូលរួម ចំណែក ដល់ការ អភិវឌ្ឍប្រទេស ជាតិ ហើយ សម្តេចបានអរគុណ ចំពោះ អ្នកាសារព័ត៌មាន ដែល បាន ផ្សព្វផ្សាយ បែប នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរ នៅ លើ ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ សម្តេច នៅ ថ្ងៃ ទី ១២ ខែមករាថា « អរគុណ អ្នក សារព័ត៌មាន ជាតិ និង អន្តរជាតិដែល បាន ចូលរួម ផ្សាយ ព័ត៌មាន ពិតនិង ព័ត៌មាន វិជ្ជមាន ល្អ ពី កម្ពុជាដែល ជា ការ រួម ចំណែក ដល់ ការ អភិវឌ្ឍ ប្រទេស ជាតិ»។

គួររម្លឹកឲ្យដឹងទៀតថា កាលពីជំនួបលើកទី៣ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ជាមួយអ្នកសារព័ត៌មានសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំណូមពរ៨ចំណុចទាក់ទងនឹងវិស័យសារព័ត៌មាន៖
ទី១)ស្ថាប័នព័ត៌មានទាំងរដ្ឋនិងឯកជនត្រូវបន្តដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងស្ថានភាពពិតនៃសង្គម។
ទី២)អ្នកសារព័ត៌មានបន្តធ្វើជាស្ពានចម្លងពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋវិញ ទាំងកម្រិតគោលនយោបាយរួម និងកម្រិតនៃការអនុវត្ត។
ទី ៣)ចង់ឲ្យសារព័ត៌មានរិះគន់ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសការអនុវត្ដរបស់ស្ថាប័ននិងបុគ្គល។
ទី៤)ចង់អោយស្ថាប័នសារព័ត៌មានចូលរួមវិភាគក្នុងកម្រិតយុទ្ធសាស្ដ្រទាំងបញ្ហាជាតិតំបន់និងអន្ដរជាតិ។
ទី៥)អ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវមិននិយាយបំផ្លើសញុះញង់ ជេរប្រមាថ បង្កជម្លោះ។
ទី៦)ខិតខំលុបបំបាត់ក្រុមព័ត៌មានដែលចាប់ជំរិត ទារប្រាក់។
ទី៧)សុំអ្នកសារព័ត៌មានទាំងអស់និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែកប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ។
ទី៨)ខិតខំលើក កម្ពស់សមត្ថភាពនិងការបណ្តុះបណ្តាលធនធានមនុស្សដើរទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ឲ្យដឹងថា ជំនួបលើកទី១ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយក្នុងឱកាសនោះដែរ សម្តេចតេជោ បានប្រកាសថា សម្តេចនឹងបន្តជួបជាមួយបងប្អូនអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ។ ជំនួបនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ គឺជាជំនួបលើកទី៤ហើយ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន៕ ដោយ៖ សារៈមុនិន្ទ