ឯកអគ្គរាជទូតជប៉ុន លើកទឹកចិត្តនិស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសជប៉ុនលើជំនាញវេជ្ជសាស្ត្រ !

(សៀមរាប)៖ ប្រទេសជប៉ុន ត្រូវការធនធានមនុស្សជំនាញវេជ្ជសាស្ត្រជាច្រើនកន្លែង ជាពិសេសផ្នែកថែទាំមនុស្សចាស់ ខណៈប្រទេសនេះមានកំណើនមនុស្សវ័យចំណាស់ចេះតែកើនឡើង នេះបើតាមប្រសាសន៍ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន លើកឡើងថា និស្សិតកំពុងសិក្សាជំនាញវេជ្ជសាស្ត្រ នៅក្នុងសាកលវិទ្យាល័យអង្គរនេះ នឹងមានឱកាសទៅសិក្សានៅប្រទេសជប៉ុន ព្រោះសាកលវិទ្យាល័យនេះ មានកិច្ចសហការ ជាមួយក្រុមហ៊ុន ហ្គិនគឺមូរ៉ា គ្រុប ដែលជាក្រុមហ៊ុនដ៍ធំមួយគ្រប់គ្រងទៅលើសាកលវិទ្យាល័យ មន្ទីរពេទ្យ មួយចំនួននៅប្រទេសជប៉ុន ។ ក្នុងនោះដែរ ក្រុមហ៊ុននេះ តែងតែផ្តល់អាហាររូបករណ៍ដល់និសិ្សតពេទ្យ ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអង្គរ ឲ្យទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើម្បីទទួលបានសញ្ញាបត្រអាជីពផ្នែកថែទាំមនុស្សចាស់ និងផ្តល់ការងារ ឲ្យធ្វើនៅទីនោះផងដែរ។

មានមតិចូលរួមក្នុងឱកាសនោះ ឯកឧត្តម ណាកាក់ណិ កាស៊ូយូគី (NAKANE Kazuyuk) សមាជិករដ្ឋសភា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានផ្តល់អនុសាសន៍ដល់និសិ្សតកម្ពុជា ត្រូវចងចាំ និងអនុវត្តជាប្រចាំមានពីរចំណុចគឹ ត្រូវមានចិត្តស្មោះត្រង់ល្អ និងត្រូវមានសង្ឃឹមជានិច្ចនៅក្នុងជីវិត។

ឯកឧត្តមរំលឹកថា ដើម្បីបានទៅសិក្សានៅប្រទេសជប៉ុនលើជំនាញវេជ្ជសាស្ត្រ សិស្សនិស្សិតទូទៅ ត្រូវខិតខំសិក្សារៀនសូត្រចំណេះជំនាញនេះឲ្យបានច្បាស់លាស់ និងជាពិសេសត្រូវខំសិក្សាភាសាជប៉ុន យ៉ាងហោចណាស់ក៏អាចចេះនិយាយទំនាក់ទំនងគ្នាបានល្អដែរ ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុននឹងនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋ ជាមួយកម្ពុជា បន្ថែមទៀត ដើម្បីរក្សាចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំតទៅថ្ងៃអនាគត។

អត្ថបទ និងរូបភាព៖លោក យូ វង្ស កែ

កែសម្រួល៖ សេង ផល្លី