លោកជំទាវ លៀង ស្រីម៉ុល ចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកកំពស់សន្តិសុខ និងសុវត្ថិភាពសង្គម

(ព្រៃវែង)៖ លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកកំពស់សន្តិសុខនិងសុវត្ថិភាពសង្គម ក៏ដូចជាលើកកំពស់ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស ព្រោះថាអំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋ ដែលជនល្មើសជួញដូរមនុស្ស បានប្រើគ្រប់កលល្បិចដើម្បីកេងប្រវ័ញ្ច រំលោភបំពានលើមនុស្សផងដែរ ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សផងដែលចង់រស់រាន ជួបជុំគ្រួសារ និងសេចក្តីសុខដែរនោះ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងទិវាជាតិលើកទី១៣ “ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩” នៅព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ដែលមានការអញ្ជើញចូលរួម មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី អង្គការដៃគូរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិស្សានុសិស្ស និងគរុសិស្ស ប្រមាណ ៧00 នាក់។

លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបន្តថា អំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាចំនួន បី គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេតែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរអំពើជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃអំពើពពោះជំនួស ។

លោកជំទាវអភិបាលរងខេត្ត បានបន្តទៀតថានេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សបាន និងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឲ្យបានទាន់ពេលវេលានិងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការដុះ ដាលនៃបទល្មើសដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គម និងមនុស្សគ្រប់វ័យ។


លោកជំទាវបានបន្ថែមទៀតថា ស្ថិតក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានការចូលរួមពីបណ្តាស្ថាប័នជាសមាជិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា បាននិងកំពុងរួមដៃគ្នា ធ្វើសកម្មភាពឥតឈប់ឈរ ប្រកបដោយការលះបង់ខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបន្តខិតខំពុះពារ គ្រប់ឧបសគ្គនិងការលំបាកនានា ដើម្បីដោះស្រាយបញ្ហាដ៏ក្តៅគគុកនេះអស់ពីសមត្ថភាព៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង