ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ប្រគល់ផ្ទះមួយខ្នងជូនដល់គ្រួសារក្រីក្រនៅស្រុកពារាំង

(ព្រៃវែង)នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ  ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងប្រគល់ផ្ទះ១ខ្នងជូនដល់ប្រជាពលរដ្ឋក្រីក្រឈ្មោះលោកឡេងវិននិងភរិយាដែលមានកូនក្នុងបន្ទុក១១នាក់រស់នៅភូមិពារាំងឃុំរាបស្រុកពារាំងខេត្តព្រៃវែង។

ពិធីប្រគល់ផ្ទះនេះក៏មានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកអភិបាលស្រុកនិងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋសរុបចំនួន២០០នាក់

គួរបញ្ជាក់ផងដែរថាលោកឡេងវិនជាគ្រួសារក្រីក្ររស់នៅជាមួយប្រពន្ធនិងកូនក្នុងបន្ទុកចំនួន១១នាក់ដោយគ្រួសារមានការខ្វះខាតនិងរស់នៅក្នុងខ្ទមស្លឹកដែលមានសភាពទ្រុឌទ្រោមខ្លាំង។

ដោយមើលឃើញនូវភាពលំបាកវេទនាបែបនេះអាជ្ញាធរមូលដ្ឋានក៏បានគោរពស្នើសុំទៅឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តដើម្បីជួយសាងសង់ផ្ទះសមរម្យមួយសម្រាប់គ្រួសារខាងលើ

ជាលទ្ធផលឯកឧត្តម ស្បោង សារ៉ាត  ក៏បានអោយជាងមកកសាងផ្ទះនេះឡើងដែលធ្វើអំពីឈើមានទទឹង៥ម៉ែតនិងបណ្តោយ៦ម៉ែតប្រក់ស័ង្គសីក្រុមហ៊ុន  ដែលចំណាយថវិកាសរុបចំនួន១២,០០០,០០០រៀល  ក្នុងនោះថវិកាឯកឧត្តមស្បោងសារ៉ាតនិងលោកជំទាវ.០០០.០០០រៀលលោកហ៊ីធួកអភិបាលស្រុកពារាំង១.០០០.០០០រៀលលោកហួតកល្យាណប្រធានមន្ទីរពេទ្យបង្អែកស្រុក១.០០០.០០០រៀលលោកផនផល.០០០.០០០រៀល

ក្នុងឱកាសពិធីប្រគល់ផ្ទះនេះផងដែរឯកឧត្តម បានមានមតិសំណេះសំណាលនិងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា 

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមចំណែកក្នុងការសាងសង់ផ្ទះជូនលោកពូនៅពេលនេះក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាននិងបានផ្ដាំផ្ញើលោកពូឡេងវិនត្រូវថែទាំផ្ទះនេះនិងខិតខំដាំតំណាំផ្សេងៗនៅជុំវិញផ្ទះដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារដែលធ្វើឲ្យជីវភាពល្អប្រសើរបន្ថែមទៀត

ជាចុងបញ្ចប់ឯកឧត្តមបានឧបត្ថម្ភដល់លោកឡេងវិននិងគ្រួសារទទួលបានកន្ទេល២ខ្នើយភួយ២មុង២ខោអាវជាច្រើមកំប្លេនិងថវិកា៥០០.០០០រៀល  ឧបត្ថម្ភដល់អ្នកចូលរួម២០០នាក់ក្នុងម្នាក់ៗសារ៉ុងចំនួន១និងថវិកា១០.០០០រៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង