យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងស៊ីដនី រៀបចំពិធី អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧មករា នៅប្រទេសអូស្ត្រាលី

(ទីក្រុងស៊ីដនី)៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជននៅក្រៅប្រទេស ។ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីបានរៀបចំកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសគំរប់ខួបលេីកទី ៤១ នៃទិវាមហាជ័យជំនះ ៧មករា ( ៧មករា ១៩៧៩-៧ មករា ២០២០)ដែលរៀបចំឡេីងដោយ ឯកឧត្តម ហួរ ហាប់ អនុប្រធានក្រុមការងារ អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី ណូវ៉ែលហ៊្សេឡង់ និង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ 3 ទីក្រុងស៊ីដនី និងក្រុមការងារ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អូស្រ្តាលី ណូវ៉ែលហ៊្សេឡង់ និង មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរយេីងនៅទីនោះចំនួន ៦៥២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហួរ ហាប់ បានមានប្រសាសន៍ថា ៖ ឆ្នាំនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសសម្តែងក្តីសប្បាយរីករាយ ចូលរួមអបអររំឭកខួបអនុស្សាវរីយ៍ ទី៤១ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ (៧ មករា ១៩៧៩ – ៧ មករា ២០២០) ជាមួយរាល់សមិទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេល ៤១ឆ្នាំ កន្លងទៅ ជាពិសេសជោគជ័យធំៗជាច្រើន ដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ។

មហាជ័យជម្នះ បានសង្គ្រោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា ប្រជាជនកម្ពុជាដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។ កម្ពុជាបានបើកឡើងនូវទំព័រសករាជថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ប្រជាជនកម្ពុជាបានទទួលស្គាល់ បានឯកភាពគ្នា ប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន ។ បើគ្មានជ័យជម្នះ ៧ មករា គឺយើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ។

ឯកឧត្តមក៏បានរំលេចអំពីអត្ថន័យទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា និង នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញក្រោយឆ្នាំ១៩៩៨។ ជាពិសេសអត្ថន័យនៃការចូលរួមគាំទ្រសារនយោបាលរបស់សម្តេចតេជោ “អរគុណសន្តិភាព”​ ដែលមានតម្លៃមិនសាបសូន្យ ។

ឯកឧត្តម ហួរ ហាប់ បានថ្លែងនូវសេចក្តីកោតសរសើរយ៉ាងស្មោះស័្មត្រ ជូនចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្តេចតេជោអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិតិ្តយសគណបក្ស និង សម្តេច អនុប្រធានគណបក្សទាំងពីរ ដែលបានបូជាកំលាំងកាយ បញ្ញា ស្មារតី ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំកសាងនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឈានជាបណ្តើរៗ ទៅកាន់ភាពថ្កុំថ្កើនរុងរឿង ល្បីល្បាយ ក្នុងពិភពលោក។ សម្តេច ជានិច្ចកាល តែងតែគាំទ្រទាំងស្មារតី ដល់ដំណើរការសកម្មភាពការងាររបស់ក្រុមការងារយុវជនក្រៅប្រទេស ដែលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជាក់ស្តែង ទទួលបានលទ្ធផលគួរជាទីមោទនៈនៅថ្ងៃនេះ៕