អភិបាលខេត្តកំពង់ចាមដឹកនាំក្រុមការងារចុះពិនិត្យលទ្ធភាពសាងសង់ផ្លូវ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារមានមន្ត្រីជំនាញ មន្ទីរអង្គភាព ជុំវិញខេត្ត ចុះពិនិត្យសិក្សាលទ្ធភាព សាងសង់ផ្លូវ និងពិនិត្យមើលអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា ដោយមានការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងពេលធ្វើវេទិការសាធារណៈ នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ កាលពីចុងឆ្នាំ ២០១៩កន្លងទៅនេះ អំពីការ ខ្វះទឹកដាក់ស្រែ និងខ្លះផ្លូវធ្វើដំណើឆ្លងកាត់ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកជញ្ជូនកសិផលដែលផលិតបានមកកាន់ទីផ្សារ។

ហើយរយៈពេលខ្លីកន្លងទៅនេះ ខាងមន្ត្រី ទីចាត់ផែនការវិនិយោគ ខេត្កកំពង់ចាម បានចុះទៅសិក្សាជាមួយក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ ជំហ៊ានដំបូងរួចហើយ ។

ប៉ុន្តែទោះជាយ៉ាងនោះក្តី នៅព្រឹកថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០ នេះលោកអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារដើម្បីចុះសិក្សាពិនិត្យមើលលទ្ធភាពជាក់ស្ដែង ដើម្បីដោះស្រាយសាងសង់ផ្លូវជូនប្រជាពលរដ្ឋ ។

មន្ត្រីសាលាខេត្តដឹងទៀតហើយ ក្នុងបេសកកម្មរយៈពេលមួយថ្ងៃ របស់អាជ្ញាធរខេត្តកំពង់ចាមនេះ លោកអ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាពលើកិច្ចការផ្សេងទៀតដូចជាបញ្ហា សន្តិសុខនិងការរស់នៅរបស់ប្រជាពលរដ្ឋ នៅឃុំកងតាណឹង ស្រុកកងមាសផងដែរ។

បន្ទាប់មក លោកអភិបាលខេត្តបានបន្តដំណើរចុះពិនិត្យមើលផ្លូវបេតុងដែលសាងសង់រួចប្រវែង ១៩៥០ម៉ែត្រ បានសាងសង់រួច ស្ថិតនៅភូមិអូរម៉ាល់ ក្នុងស្រុកបាធាយ និងពិនិត្យមើលលទ្ធភាពផ្សេងៗទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម