សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបិទវគ្គជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ

(ព្រះវិហារ)៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបិទវគ្គជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ចំនួន ៤៧នាក់ ក្នុងនោះយុវជនទើបរើសថ្មីចំនួន ១៨នាក់ ស្រី ៩នាក់ ស្ថិតនៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោកជំទាវ ចឹក ហេង បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនកាកបាទក្រហមដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនមកបំពេញបន្ថែម និងបើកវគ្គជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះក្នុងគោលបំណង ដើម្បីអោយប្អូនៗជាយុវជន បានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងតួនាទីរបស់យុវជនកាកបាទក្រហមពិសេសវិជ្ជាសង្គ្រោះបឋម។ ជាមួយគ្នានោះដែរលោកជំទាវ ចឹក ហេង ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗ ត្រូវខិតខំរៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួនចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងទីសាធារណៈផ្សេងៗ ជៀសវាងការប្រើប្រាស់អំពើហឹង្សា និងត្រូវជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ។

បន្ទាប់មកលោកជំទាវក៏បានប្រគល់សៀវភៅចំណេះដឹជាមូលដ្ឋានវិជ្ជា សង្គ្រោះបឋមចំនួន១០ក្បាល និងបន្ថែមសម្ភារវិជ្ជា សង្គ្រោះបឋមថ្មី ១ឈុត ៕