សម្តេចក្រឡាហោម ស ខេង  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី

(រតនគិរី)៖​ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី នៅសាលាខេត្តរតនគិរី ។

 

ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី អភិបាលខេត្តមណ្ឌលគិរី ស្ទឹងត្រែង លោក លោកស្រីជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ខេត្ត ក្រុង ស្រុក ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីរាជការ អ្នកមុខអ្នកការជាច្រើនទៀតនៅក្នុងខេត្ត។

នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ទេរភារកិច្ច ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជំនួសមកវិញដោយឯកឧត្តម ជៀង អ៊ំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី។

ថ្លែងនៅក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តែងនូវការកោតសរសើរចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អតីតប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត អនុប្រធាន សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពនានា នៃខេត្តរតនគិរី ដែលបានប្តេជ្ញាចិត្តរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈបង្កភាពអនុគ្រោះដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍខេត្តរតនគិរីអោយមានការរីកចម្រើនលើគ្រប់វិស័យ។

 

សមិទ្ធផលទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ សមិទ្ធផលនានាជាច្រើនទាំងការអនុវត្តកម្មវិធីកំណែទម្រង់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទី១ នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

 

សម្តេចក្រឡាហោម សខេង ក៏បានកោតសរសើរចំពោះគំរូវីរៈភាព និងស្នាដៃដ៏ធំធេង របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង ដែលឥស្សរៈជនរបស់ជាតិ ក៏ដូចជាប្រជាជននៃភូមិភាគឦសាន ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍខេត្តរតនគិរី តាំងពីក្រោយថ្ងៃរំដោះប្រទេសជាតិ ០៧ មករា ឆ្នាំ១៩៧៩ ធ្វើឱ្យជីវភាពសង្គម សេដ្ឋកិច្ច ទូទាំងខេត្តមានការវិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

សម្តេចក្រឡាហោម បានចាត់ទុកថា ខេត្តរតនគិរីកើតឡើងក្រោយគេ ប៉ុន្តែមានការអភិវឌ្ឍន៍មិនចាញ់បណ្តាខេត្តដ៏ទៃទៀតទេ ក្រោមការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយត្រឹមត្រូវ សំដៅប្រែក្លាយប៉ូលខេត្តរតនគិរី ទៅជាគោលដៅកសិឧស្សាហកម្មដ៏សំខាន់មួយ។

ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ នូវវិធានការចំពោះមុខចំនួន ០៨ចំណុច សម្រាប់ក្រុមការងារអនុវត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ន ក្នុងការគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់របស់រាជរដ្ឋាភិបាល នៅថ្នាក់មូលដ្ឋានខេត្ត សំដៅជំរុញការអភិវឌ្ឍខេត្តរតនគិរីប្រកបដោយចីរភាព រួមមាន៖ ១.បន្តពង្រឹងសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ដោយត្រូវខិតខំពង្រឹងសមត្ថភាពជំនាញរបស់កងកម្លាំងមានសមត្ថកិច្ចនានាក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា, ២.គាំទ្ររដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យពង្រឹងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យសម្រេចបាន លទ្ធផលតាមការរំពឹងទុក

៣.លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ការការពារទ្រព្យសម្បត្តិសាធារណៈ ដោយពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បទល្មើសព្រៃឈើ ការរុករានដីព្រៃការពារ ដើម្បីកាន់កាប់ដោយខុសច្បាប់ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។ ក្នុងការអនុវត្តវិធានការនេះ សម្តេចបានណែនាំអាជ្ញាធរពាក់ព័ន្ធមន្ត្រីច្បាប់ត្រូវដកខ្លួនចេញពីបទល្មើសនានា, ៤.ត្រូវខិតខំសម្របសម្រួលដោះស្រាយជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី ប្រកបដោយតម្លាភាព យុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់ និងរួមគ្នាលុបបំបាត់ការធ្វើអន្តរាគមន៍ជម្លោះនានាខុសពីតួនាទី និងសមត្ថកិច្ច។

៥.ពង្រឹង លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ដោយពង្រឹងការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ និងការកំណត់, ៦.សហការអប់រំពលរដ្ឋសន្សំសំចៃទឹក ចូលរួមថែរក្សាការពារប្រភពធនធានទឹកទុកសម្រាប់ប្រើប្រាស់ និងត្រៀមលក្ខណៈអន្តរាគមន៍ជាប្រចាំ ដើម្បីដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ។ ទន្ទឹមនេះត្រូវបំផុស ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរក្សាអនាម័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាអគ្គិភ័យមកលើផ្ទះសំបែង ចម្ការដំណាំ ព្រមទាំងចូលរួមថែរក្សាការពារភ្លើងឆេះព្រៃ។

៧.បន្តខិតខំលើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ ដែលជាសក្តានុពលដ៏សំខាន់របស់ខេត្ត និង៨.យកចិត្តទុកដាក់ស្វែងយល់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជីវភាព សុខភាព និងសេវាសង្គមរបស់ប្រជាជន ពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច ជនក្រីក្រ ងាយរងគ្រោះ នៅតាមកសិដ្ឋាននានា សំដៅធានាដល់ការគោរពការពារផលប្រយោជន៍កម្មករស្របតាមច្បាប់ការងារ នៃព្រះរាជានាចក្រកម្ពុជា។

បន្ថែមលើសពីនេះសម្តេចក្រឡាហោម ក៏បានដាក់ចេញនូវវិធានការរយៈពេលមធ្យម និងរយៈពេលវែង សម្រាប់ក្រុមការងារសហការអនុវត្តរួមមាន៖ ក្រុមការងារថ្នាក់ជាតិ ត្រូវជួយគាំទ្រដល់រដ្ឋបាលខេត្តក្នុងការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់ដឹកនាំ សម្របសម្រួល តម្រង់ទិស អភិវឌ្ឍនទូទាំងខេត្ត ដោយផ្តោតជាសំខាន់លើកិច្ចការអាទិភាពមួយចំនួន ដូចជាសិក្សាការពារតំបន់ត្រូវអភិវឌ្ឍន៍ និងអភិរក្ស ការរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស ពិនិត្យលើប្លង់នគរូបនីយកម្មក្រុងបានលុង ឱ្យបានសមស្របជាមួយកំណើនរីកចម្រើនយ៉ាងឆាប់រហ័សនៃសំណង់ ទីប្រជុំជនដែលពុំទាន់មានត្រូវសិក្សារៀបចំ សំដៅធានាការអភិវឌ្ឍន៍ទីប្រជុំជន មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ។

សម្តេចក្រឡាហោមបានបន្ថែមទៀតថា ត្រូវរៀបចំរៀបចំផែនការសកម្មភាព ធានាដល់ការអភិវឌ្ឍនន៍សហគមន៍ជនជាតិដើមភាគតិចនានា ដែលមាននៅក្នុងខេត្ត ដើម្បីធានាដល់ការបែងចែកភាគផល នៃការអភិវឌ្ឍ រីកចម្រើនក្នុងខេត្ត ដល់បងប្អូនជនជាតិដើមភាគតិចប្រកបដោយសមធម៌ ខិតខំការពារអត្តសញ្ញាណនៃបងប្អូនជនជាតិដើមភាគតិចនីមួយៗ ដែលមានក្នុងខេត្តរតនគិរី រួមគ្នារក្សាប្រពៃណី វប្បធម៌ទំនៀមទំលាប់ល្អៗ របស់បងប្អូន និងរៀបចំផែនការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្សឱ្យបានសមស្របជាមួយទស្សនវិស័យនៃការអភិវឌ្ឍខេត្តក្នុងរយៈពេលចំពោះមុខ រយៈពេលមធ្យម និងរយៈពេលវែង។

 

សម្តេចក្រឡាហោម បញ្ជាក់ថាក្រុមការងារថ្នាក់ជាតិ ត្រូវដឹកនាំទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ក្នុងការអនុវត្តការងារ ក្រុមការងារថ្នាក់ជាតិពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ននានាឡើយ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗនៅតែមានតួនាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដដែល និងពុំមានតួនាទីចាត់ចែងជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

 

បន្ថែមលើនេះក្រុមការងារត្រូវបង្កើនការផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កម្មវិធីកំណែទម្រង់ដ៨ ដូចជាសភាពការណ៍នានារបស់ជាតិ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងារ សហការជំរុញលើកកម្ពស់គណនេយ្យភាព ការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

 

សម្តេចក្រឡាហោម ក៏បានជំរុញឱ្យក្រុមការងារ និងអាជ្ញាធរខេត្ត ប្រមូលរាល់បញ្ហា សំណើរ សំណូមពរនានាដែលប្រមូលបានតាមរយៈការរៀបចំវេទិកាសាធារណៈ ត្រូវកំណត់វិធានការដោះស្រាយបញ្ហាទាំងនេះឱ្យបានសមស្រប ដោយធ្វើបច្ចុប្បន្នភាពបញ្ជីបញ្ហាប្រឈម និងបន្តអនុវត្តការរៀបចំវេទិការសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើសហគមន៍ជនជាតិដើមភាគតិច ជនក្រីក្រជនងាយរងគ្រោះ និងប្រជាពលរដ្ឋ ដែលមិនបានចូលរួមកន្លងមក ដើម្បីបន្តស្វែងយល់នូវបញ្ហាប្រឈម សំណើ សំណូមពរ តម្រូវការនានារបស់ប្រជាពលរដ្ឋ ដែលមានស្ថានភាពខុសៗគ្នាពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀត ព្រមទាំងកំណត់ការទទួលខុសត្រូវតាមដាន និងរបបប្រជុំឱ្យបានទៀងទាត់ជាប្រចាំ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី