លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់ជាប់ព្រំដែនទាំង២(ស្វាយរៀង-តៃនិញ) ចំនួន ២០០នាក់

ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់ជាប់ព្រំដែនទាំង២(ស្វាយរៀង-តៃនិញ) ចំនួន ២០០នាក់ ក្នុងកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដែលរៀបចំឡើងក្នុងបរិវេណវត្តសិរីវង្ស ស្ថិតនៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ដោយមានការចូលរួមពី លោកអភិបាលស្រុករំដួល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ សសយក ខេត្ត ក្រុមការងារ សសយក ចុះជួយស្រុករំដួល លោកស្រី ង្វៀន ធីជុកម៉ាយ អនុប្រធានប្រចាំការសមាគមសម្ព័ន្ធយុវជនវៀតណាមខេត្តតៃនិញ  លោក លោកស្រីគណៈប្រតិភូស.ស.យ.វ ខេត្តតៃនិញ លោក លោកស្រីក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមខេត្តតៃនិញ និងទីក្រុងហូជីមិញ បងប្អូនប្រជាពលរដ្ឋ លោក លោកស្រីគណៈកម្មាធិការសសយកស្រុករំដួល យុវជនស.ស.យ.ក សរុបអ្នកចូលរួមចំនួន ២៧៩នាក់។

ឆ្លៀតឱកាសនោះដែល លោក តូច ប៉ូលីវ៉ា ក៏បានលើកឡើងពីគោលបំណងនៃកិច្ចសហការរវាងយុវជនខេត្តទាំងពីរ(ស្វាយរៀង-តៃនិញ)បានធ្វើអោយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្ដិការ រវាងយុវជនខេត្ដយើងទាំងពីរ (ស្វាយរៀង-តៃនិញ) នឹងបន្ដថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែន ខេត្តទាំងពីរ។  បានលើកកម្ពស់ជីវភាពរស់នៅ របស់ ប្រជាជនទាំងសងខាងឲ្យកាន់តែ ប្រសើរឡើង ស្របតាមពាក្យស្លោក “ភូមិផងល្អប្រសើរ មិត្ដភាព ជាប្រពៃណី សហប្រតិបត្ដិការ លើគ្រប់វិស័យ រឹងមាំយូរអង្វែង” ។ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ នៃការចែករំលែក មនោសញ្ចេតនាជាមួយគ្នា ជួយយកអាសាគ្នាជាមូលដ្ឋានពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនទាំងពីរ(ស្វាយរៀង-តៃនិញ) ជាពិសេសបានថ្លែងអំណរគុណដល់បងប្អូនដែលបានគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោគឺ”អរគុណសន្តិភាព”ដែលជាតម្លៃមួយមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃខាងមុនតទៅទៀត។”អរគុណសន្តិភាព”បានដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខែ្មរគ្រប់ស្រទាប់វណ្ណៈ មិនថានៅក្នុង ឬក្រៅប្រទេសឡើយ។  ម្យ៉ងវិញទៀតក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពសម្បូរសប្បាយរុងរឿង មានការអភិវឌ្ឍន៍គ្រប់ទិសគ្រប់ទី ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ ហើយជាពិសេសសម្ដេចតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខបងប្អូន និងប្រទេសជាតិផងដែរ ។