Rotary Club Sentosa Singapore ដែលមានអង្គការសុបិន្តសហគមន៍កម្ពុជា ជាដៃគូ បាននាំយកទោចក្រយាន ចំនួន ១០០០គ្រឿង ចែកជូនដល់សិស្សក្រីក្រ មកពីសាលាចំនួន១០០ ក្នុងស្រុកចំនួន១១ របស់ខេត្តសៀមរាប

(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅក្នុងពិធីចែកទោចក្រយានចំនួន ១ពាន់គ្រឿង ដល់សិស្សកុមារមកពីចំនួន ១០០សាលា ទូទាំងខេត្តសៀមរាប ដែលទោចក្រយានទាំងនេះ គឺជាអំណោយរបស់ក្រុមហ៊ុន រ៉ូតារី ក្លឹប នៃប្រទេសសឹង្ហបូរី និងអង្គការសុបិន្តសហគមន៍កម្ពុជា ។

លោកថា ពិធីចែកអំណោយជាទោចក្រយានចំនួន ១ពាន់គ្រឿងនេះ វាគឺជាផ្នែកមួយនៃការចូលរួមរបស់សប្បុរសជន ក្នុងការជួយឲ្យសិស្សានុសិស្ស មានលទ្ធភាពធ្វើដំណើរមកកាន់សាលារៀនបានទាន់ពេលវេលា ជាការលើកទឹកចិត្តដល់សិស្ស និងជួយសម្រាលបន្ទុករបស់មាតាបិតាសិស្ស ផងដែរ ។ អ្វីដែលជាការកត់សម្គាល់នៃការចូលរួមរបស់ដៃគូអភិវឌ្ឍ និងសប្បុរសជនក្នុងវិស័យអប់រំ វាបានជះឥទ្ធិពល ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។

លោក អភិបាលរងខេត្ត បញ្ជាក់ទៅកាន់ក្មួយៗសិស្សនុសិស្សថា ៖ បេសកកម្មរបស់ទំពាំងស្នងឬស្សី គឺការខិតខំរៀនសូត្រ ជាមួយនឹងការបង្កើតឲ្យមានក្តីស្រម៉ៃរបស់ខ្លួនសម្រាប់អនាគត ហើយត្រូវចេះតស៊ូ មិនបោះបង់ការសិក្សា ជំនះឲ្យបានរាល់ការលំបាកទាំងឡាយដែលជាឧបស័គ្គ ដើម្បីធ្វើឲ្យក្តីស្រម៉ៃខ្លួន បានក្លាយជាការពិត ។ ក៏ជាការអំពាវនាវផងដែរសម្រាប់មាតាបិតាសិស្ស លោកអភិបាលរងខេត្ត ឆ្លុះបញ្ជាំងឲ្យឃើញថា ៖ សាលារៀន គឺជាធនាគារវិនិយោគ-សន្សំប្រាក់របស់មាតាបិតាសិស្ស ដើម្បីអនាគតរបស់កូនៗ ។ រាល់ការចំណាយទាំងឡាយរបស់មាតាបិតាសិស្សក្នុងរយៈពេលដែលបុត្រ-បុត្រធិតារបស់ខ្លួនកំពុងរៀនសូត្រនៅសាលារៀន វាមិនបាត់បង់ទៅណាទេ វានឹងផ្តល់ផ្លែផ្កាមកវិញទាំងដើមទាំងការ នៅពេលដែលកូនៗ មានការងារធ្វើ ក្រោយពីបានបញ្ជប់ការសិក្សាមួយដ៏ល្អនោះ ។

លោកស្រី មេន ជូឡា នាយិកា រ៉ូតារី-ក្លឹប នៃប្រទេសសឹង្ហបូរីមានប្រសាសន៍ឲ្យដឹងថា ៖ អស់រយៈពេល ៨ឆ្នាំកន្លងមកហើយ ដែលរ៉ូតារី ក្លឹប សឹង្ហបូរី បានអនុវត្តគម្រោងផ្តល់អំណោយទោចក្រយានដូចដែលបានធ្វើក្នុងថ្ងៃនេះ ។ ៨ឆ្នាំមកនេះ មានកង់ប្រហែលជា ៦ពាន់គ្រឿង ត្រូវបានប្រគល់ជូនផ្ទាល់ ដល់សិស្សសាលាបឋមសិក្សានៅកម្ពុជា ក្នុងនោះមានកង់ប្រមាណជា ជាង៣ពាន់គ្រឿង ដែលសិស្សសាលាបឋមសិក្សានៅខេត្តសៀមរាប ទទួលបាន ។

អំណោយទាំងនេះ វាមិនមែនសម្រាប់សិស្សទូទៅដែលត្រូវទទួលបាននោះទេ ។ ការចែកជូនកង់ទាំងនេះ គឺវាត្រូវបានគិតទៅដល់ល័ក្ខខ័ណ្ឌមួយចំនួន ដូចជាសម្រាប់សិស្សដែលមករៀនទៀងទាត់ និងសិស្សពូកែដែលត្រូវលើកទឹកចិត្ត សិស្សពិការ សិស្សដែលរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត សិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ជាដើម ។

លោកស្រី ចេននី លីប៉ា ស្ថាបនិកអង្គការសុបិន្តសហគមន៍កម្ពុជា រំលឹកថា ៖ កាលក្នុងឆ្នាំ ២០០៧ គឺ១៣ឆ្នាំមុន លោកស្រីបានមកទស្សនាកម្ពុជា លោកស្រីបានកសាងអណ្តូងទឹកមួយនៅខេត្តសៀមរាប ។ ដោយក្តីស្រឡាញ់កម្ពុជា លោកស្រីគិតថា គួរតែធ្វើអ្វីម្យ៉ាងដើម្បីកសាងអនុស្សាវរីយ៍ជាមួយប្រជាជនកម្ពុជា និងជាប្រយោជន៍សម្រាប់សហគមន៍ ។ អង្គការសុបិន្តសហគមន៍កម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយអ្វីដែលលោកស្រីពេញចិត្តសម្រាប់បេសកកម្មរបស់ខ្លួន គឺវិស័យអប់រំ បរិស្ថាន អនាម័យ និងទឹកស្អាត ។

ពាក់ព័ន្ធទៅនឹងកង់ចំនួន ១ពាន់គ្រឿងនេះ លោកស្រី មានប្រសាសន៍ថា ៖ លោកស្រី ស្រឡាញ់កុមារកម្ពុជាខ្លាំងណាស់ ចង់ឃើញអនាគតដ៏ល្អរបស់កុមារកម្ពុជា សូមឲ្យកុមារកម្ពុជា ខិតខំរៀនសូត្រ ជួបគ្នាឆ្នាំក្រោយ ជាមួយ កង់ ១០០០គ្រឿងថ្មី ផ្សេងទៀត ។

ក្នុងនោះផងដែរ អាជ្ញាធរខេត្តសៀមរាប អំពាវនាវឲ្យមានការចូលរួមវិនិយោគឲ្យបានខ្លាំងក្លាលើវិស័យអប់រំ ដើម្បីលើកកម្ពស់ការផលិតធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ ។ សាលារៀន គឺជាធនាគារវិនិយោគ-សន្សំប្រាក់ របស់មាតាបិតាសិស្ស ដើម្បីអនាគតរបស់កូនៗ ។

ការងារអប់រំ គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សដែលសង្គមជាតិទាំងមូល ត្រូវតែចូលរួមវិនិយោគឲ្យបានខ្លាំងក្លា និងប្រើប្រាស់ពេលវេលាយូរអង្វែង ដែលទាមទារនូវការអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។ ការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា បានធ្វើឲ្យវិស័យនេះ ទទួលបាននូវការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍនានាជាច្រើន និងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ៕

អត្ថបទនិងរូបភាព: លោកងិន គឹមឡេង
កែសម្រួលដោយលីវ សុខុន