លិខិតមិត្តអ្នកអាន៖ “ពេលឃើញរូបភាពសង្គ្រាម ទើបយើងយល់ពីតម្លៃសន្តិភាព!”

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើងកម្តៅខ្លាំងរហូតឈានដល់ការធ្វើឃាតមេទ័ពកំពូលរបស់អ៊ីរ៉ង់ពីសំណាក់ទាហានអាមេរិកក្រោមបញ្ជាពី ប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឲ្យអ៊ីរ៉ង់សងសឹកវិញដោយការបាញ់គ្រាប់រ៉ូកែតចូល បន្ទាយទាហានអាមេរិកនៅអ៊ីរ៉ាក់ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាផ្អើលចាប់អារម្មណ៍និងតាមដាន។

ក្នុងចំណោមព្រឹត្តិការណ៍ដែលកើតឡើង អ្វីដែលធ្វើឲ្យមហាជនខ្មែរទូទៅនឹកសង្វេគជាពន់ពេកនោះគឺ រូបភាពទាហានអាមេរិកលាប្រពន្ធកូនចេញទៅច្បាំង។ អ្នកខ្លះយំអោបប្រពន្ធ, អោបកូន និងអ្នកខ្លះទៀតប្រពន្ធកំពុងមានផ្ទៃពោះហើយប្តីត្រូវលា ចេញទៅច្បាំងមិនដឹងស្លាប់ឬរស់? ទិដ្ឋភាពដ៏សោកសៅ ទាំងនេះបានអង្រួនបេះដូងពលរដ្ឋខ្មែរឲ្យនឹកសង្វេគ អាណិតដល់ទាហ៊ាន និងក្រុមគ្រួសាររបស់ពួកគេជាពន់ពេកនៅពេលប្រទេសជាតិជួបនឹង ចម្បាំងរាំងជល់។ នេះនៅមិនទាន់និយាយដល់ទិដ្ឋភាពសង្គ្រាម ក្នុងសម័យបច្ចេកវិទ្យាទំនើបដែលសម្លាប់មនុស្សយ៉ាងសាហាវនិង បង្កវិនាសកម្មធំធេងគួរឲ្យរន្ធត់ នោះផងទេ…. ។

នៅពេលដែលរូបភាពទាំងនេះ បានបញ្ចាំងនិងផុសឡើងតាមកញ្ចក់ទូរទស្សន៍និងបណ្តាញសង្គម យើងនាំគ្នាកើតក្តីសង្វេគសោកសង្រេងជាពន់ពេកណាស់។ ហើយនេះជាសង្គ្រាមកើតនៅស្រុកគេផងដែលនៅ សែនឆ្ងាយពីកម្ពុជា។ ចុះឧបមាថា ប្រសិនបើសង្គ្រាមនេះកើតមាន នៅលើទឹកដីកម្ពុជាយើងវិញ តើយើងត្រូវសោកសង្រេងយ៉ាងណាដែរ ? តើយើងនឹកអាណិតខ្លោចចិត្តដល់បងប្អូន កូនចៅ ប្រពន្ធកូនយើង យ៉ាងណា? ចំណុចត្រង់នេះហើយ ដែលខ្ញុំចង់រំលេចឲ្យឃើញថា “សន្តិភាពដែលយើងមានសព្វថ្ងៃនេះពិតជាមានតម្លៃខ្លាំងណាស់”។ ប៉ុន្តែ នៅពេលដែល យើងកំពុងរស់នៅក្នុងសុខ សន្តិភាព និងភាពសម្បូរសប្បាយ យើងអាចមិនសូវគិតពីតម្លៃនៃ សន្តិភាពនោះទេ។

ជាពិសសេខ្មែរមួយចំនួនដែល មាននិន្នាការនយោបាយប្រឆាំងផ្កាប់មុខបែរជានាំគ្នាសើចចំអក ឲ្យអ្នកនិយាយពីសន្តិភាពថែមទៀត។

ជាក់ស្តែង នៅដើមឆ្នាំ ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយ មួយដ៏មានអត្ថន័យដល់ប្រជាពលរដ្ឋខ្មែរគឺពាក្យថា «អរគុណសន្តិភាព»។

ពាក្យនេះក៏ត្រូវបានពលរដ្ឋខ្មែរ ស្ទើរពេញប្រទេសជាពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាលើកមកនិយាយគ្រប់មាត់។ «អរគុណសន្តិភាព» ក៏ត្រូវបានគេយកទៅដាក់នៅ ពីមុខក្រសួង ស្ថាប័ន ក៏ដូចជា សាលារៀន វត្តអារាមនានាគ្រប់ទិសទី។ប៉ុន្តែ ក្រុមអ្នកមាន និន្នាការ នយោបាយប្រឆាំងជ្រុលនិយមខ្លះបែរជានាំគ្នាចំអក។ យ៉ាងណាក៏ដោយ នៅពេលដែលយើងឃើញទិដ្ឋភាពខ្លោចផ្សារនៃសង្គ្រាម បានផុសឡើងពួកគេក៏នាំគ្នាចែករម្លែកនិងសម្តែងក្តីសង្វេគ ស្រក់ទឹកភ្នែក គ្រប់គ្នា។

ជាការពិត ប្រទេសយើងមានសំណាងណាស់ គឺអាច និយាយបានថា មានសំណាងជាងបណ្តាប្រទេសជាច្រើនក្នុង លោក រាប់ទាំងបណ្តាប្រទេសជឿនលឿន មហាអំណាចធំៗ ទៅទៀតផងក៏ថាបាន។ ហេតុអ្វីបានជាខ្ញុំអាចហ៊ាន និយាយអះអាងយ៉ាងដូច្នេះ? ពីព្រោះប្រទេសយើងគ្មានសង្គ្រាម ហើយយើងកំពុងរស់នៅក្នុងសុខសន្តិភាពដែល ប្រជាពលរដ្ឋខ្មែរជាច្រើនស្ទើរតែ ភ្លេចអស់ទៅហើយនូវទិដ្ឋភាពខ្លោចផ្សារនៃសង្គ្រាមពីអតីតកាល ជាពិសេសយុវជនជំនាន់ក្រោយដែលកើតក្រោយសម័យសង្គ្រាម រឹតតែមិនស្គាល់ទាល់តែសោះនូវរូបភាពនិង រសជាតិនៃសង្គ្រាម។

បែរទៅមើលបណ្តាប្រទេសមួយចំនួនវិញ ពួកគេកំពុងតែទទួលរងនូវវិនាសកម្មដោយភ្លើងសង្គ្រាមដ៏គួរឲ្យរន្ធត់តក់ស្លុតរកទីបំផុតគ្មាន។ រូបភាពដែល យើងបានឃើញគ្រប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាឧទាហរណ៍ជាក់ស្តែង។ សូម្បីប្រទេសមហាអំណាចទី១ពិភពលោកដូចសហរដ្ឋអាមេរិកក៏ទាហានរបស់ ពួកគេក៏ដូចជាក្រុមគ្រួសារ មិនចង់ឃើញសង្គ្រាមកើតមានឡើយ ពីព្រោះបើមានសង្គ្រាម សេចក្តីស្លាប់ វិនាសប្រាស់ព្រាត់អាចកើតមានគ្រប់ពេលវេលា។ ចំណែករបររកស៊ី ឬការងារ
ផ្សេងៗ ក៏ទទួលរងផលប៉ះពាល់។

ដូច្នេះ ក្នុងខណៈដែលយើងកំពុងរស់នៅក្នុងសុខសន្តិភាព និងពុងទទួលបានផ្លែផ្កាពីសន្តិភាពយើងគួរគប្បីចេះស្រឡាញ់និងជួយរក្សាការពារសន្តិភាពនេះកុំឲ្យបាត់បង់ទៅវិញឲ្យសោះ។ ហើយ សូមកុំរង់ចាំដល់ពេលកើត សង្គ្រាមទើបនាំគ្នាផ្តល់តម្លៃដល់សន្តិភាព និងចង់បានសន្តិភាព ពីព្រោះនោះគឺជាការចង់បាន ដែលហួសពេលទៅហើយដូចពាក្យសុភាសិតខ្មែរបូរាណពោលថា «ពេលឃើញក្តារមឈូសទើបស្រក់ទឹកភ្នែក»។

ការនិយាយជាញឹកញាប់ពីតម្លៃសន្តិភាពគឺជាការចាំបាច់បំផុតដើម្បីដាស់តឿនក្រើនរម្លឹកដល់ កូនខ្មែរគ្រប់រូបកុំឲ្យភ្លេចខ្លួនថាយើងបានធ្វើដំណើរចាកចេញពីសង្គ្រាមដោយលំបាក យ៉ាងណា? ប្រើពេលយូរ ប៉ុណ្ណា? និងត្រូវចំណាយជីវិត មនុស្សប៉ុន្មាននាក់? ចំណាយទ្រព្យសម្បត្តិ និងធនធានអស់ប៉ុន្មាន? ក្នុងន័យនេះ យើងមិនត្រឹមតែ «អរគុណសន្តិភាព»ប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏ត្រូវនឹកគុណដល់អ្នក ដែលបាននាំមកនូវសន្តិភាពអោយយើងផងដែរ។

ផ្ទុយទៅវិញ ការចំអកឡកឡឺយដល់សន្តិភាពគឺ ជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ជីវិតខ្លួនឯងនិងជីវិតកូនចៅរបស់ខ្លួនឯង ជាពិសេសជាការប្រមាថដល់អ្នក ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុ សន្តិភាពនៅកម្ពុជា។

សរុបមកវិញ សន្តិភាពគឺជាវត្ថុដ៏ មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ យើងក៏ជឿជាក់ផងដែរថា គ្រប់ជាតិសាសន៍នៅលើលោក សុទ្ធតែប្រាថ្នាចង់បានសន្តិភាពគ្រប់ៗគ្នា។ ប៉ុន្តែ សេចក្តីប្រាថ្នាមួយនេះមិនមែនចេះតែសម្រេច បាននោះទេ។ ដូច្នេះ កម្ពុជាយើងមានសន្តិភាពក្នុងដៃហើយ តើយើងគួរបណ្តោយឲ្យវា បាត់បង់ទៅវិញដោយសារតែការ ប្រមាទដែរឬទេ? គឺមិនអាចជាដាច់ខាត។

ទិដ្ឋភាពសង្គ្រាមដែលបាន បង្ហាញចុងក្រោយនេះច្បាស់ជាធ្វើឲ្យយើងសង្វេគនិងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាពដែល យើងកំពុងមាន។ សូមឲ្យក្តីសង្វេគនេះក្លាយជាស្មារតីថែរក្សាការពារសន្តិភាពនិងភាព សុខសានរបស់ខ្មែរតរៀងទៅ! អរគុណសន្តិភាព! និងអរគុណដល់អ្នកដែលបាននាំមកនូវសន្តិភាពដល់ប្រទេសដ៏កំសត់មួយនេះ៕

ដោយ : បញ្ញវន្តខ្មែរម្នាក់ ដែលធ្លាប់ហែលឆ្លងកាត់ សង្គ្រាម