ក្រុមគ្រួសារ ស.ស.យ.ក ខេត្តកំពង់ចាម ចូលរួម អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា

(កំពង់ចាម) : ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ ស.ស.យ.ក ខេត្តកំពង់ចាមប្រមាណ១៦០នាក់ បានចូលរួមអបអរសាទខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០) ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដែលប្រារព្ធធ្វើនៅទីលានសួនច្បារមុខសាលាខេត្ត។

​នៅក្នុង​ពិធី​នោះ​មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ​ជា​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុន​ចាន់​ដា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ​ជា​អភិបាលរង​ខេត្ត អភិបាល អភិបាលរងក្រុង​ ស្រុក កងកំលាំង​ទាំង​៣​ លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ​ និង​សិស្ស និសិត្ស ប្រមាណជាង ៨​ពាន់​នាក់​។​

 

ស្មារតី៧មករា ល្បីសុះសាយពេញសាកលលោក និងជាការចងចាំដល់កូនខ្មែរគ្រប់ៗរូបនូវគម្រូវីរភាពនៃការតស៊ូរបស់បុព្វបុរស និងថ្នាក់ដឹកនាំ ក្នុងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងក្តីសុខសាន្តត្រាណរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនទាំងអស់គ្នាបាននាំកម្ពុជាកាន់តែរីកចម្រើន និងកាន់តែស្រស់ស្អាត។