ស.ស.យ.ក ខេត្តពោធិ៍សាត់ប្រកួតវគ្គផ្តាច់ព្រាត់ពានរង្វាន់យុវជនឆ្នើមឆ្នាំ២០២០ ដើម្បីអបអរសាទរដល់ខួបលើកទី៤១ នៃទិវាជ័យជំនះ៧ មករា

(ពោធិ៍សាត់)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ស.ស.យ.ក ខេត្តពោធិ៍សាត់បានធ្វើការប្រកួតប្រជែងវគ្គផ្តាច់ព្រាត់ នៃពានរង្វាន់យុវជនឆ្នើមឆ្នាំ២០២០ ដើម្បីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០២០ ។ ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព ឯឧ ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯឧ ហង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក និងជាប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំនៅតាមបណ្តាក្រុង ស្រុក និងវិស័យតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩មក យុវជនឆ្នើមចំនួន១០រូបត្រូវបានយកមកវគ្គផ្តាច់ព្រាត់ដើម្បីជ្រើសរើសយកបេក្ខជន៦នាក់ និង៣នាក់ចុងក្រោយ ដោយតម្រូវឲ្យសរសេរគម្រោងមួយដែលអាចនឹងលេចធ្លោជាងគេក្នុងសហគមន៍របស់អ្នកនៅឆ្នាំ២០២០ និងបន្តដោយសំណួរសរសេរចំនួន៣សំណួរ ព្រមទាំងត្រូវឡើងមកឆ្លើយ និងការពារគម្រោងរបស់ខ្លួន ។

ជាលទ្ធផល: 

-ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ជា សាវី មកពីស្រុកតាលោសែនជ័យ ដោយលើកយកប្រធានបទ <<សាមគ្គីមនុស្សធម៌ ក្នុងបរិបទសុខសន្តិភាព >>

-ចំណាត់ថ្នាក់លេខ២ បានទៅលើកញ្ញា យូ គឹមថារ៉ាវ៉ាន់ មកពីស្រុកក្រគរ ដោយលើកយកប្រធានបទ << ការសំអាតសម្រាមរបស់សហគមន៍ >>

-ចំណាត់ថ្នាក់លេខ៣ បានទៅលើលោក ពេញ ពន មកពីស្រុកក្រគរ ដោយលើកយកប្រធានបទ 《ការចិញ្ចឹមមាន់ស្រុកបែបអាជីវកម្មក្នុងសហគមន៍ ផែនករអភិវឌ្ឍស.ស.យ.ក ។

ក្នុងនោះបេក្ខជនលេខ១ ទទួលបានពានមួយ បណ្ណសរសើរមួយ និងប្រាក់រង្វាន់មួយលានរៀល  លេខ២ ទទួលបានពានមួយ បណ្ណសរសើរមួយ និងប្រាក់រង្វាន់៦០ម៉ឺនរៀល លេខ៣ ទទួលបានពានមួយ បណ្ណសរសើរមួយ និងប្រាក់រង្វាន់៤០ម៉ឺនរៀល ។