រដ្ឋបាលខេត្តកែបចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ជាន់

(ភ្នំពេញ)៖ នាយប់ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស ២៥៦៣  ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកែបបានគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា នៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់ រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ ជាន់មានទីតាងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថាមកទល់ពេលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរនៃអគារបាក់បែកនៃការដ្ឋាននេះ និងបានបង្កើតក្រុមការងារប្រចាំការជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។ ព័ត៌មានទទួលបានជាបឋម (គិតត្រឹមម៉ោង ៨:៣០យប់នេះ) ជនរងគ្រោះចំនួន ១៨ នាក់ (ស្រី ៥ នាក់) ត្រូវបានជួយសង្គ្រោះក្នុងនោះស្លាប់ ៣ (ស្រី២)។ ជនរងគ្រោះជាកម្មករសំណង់ ដែលស្នាក់នៅក្នុងអគារសាងសង់នោះ៕ ដោយ៖ ចំណាន