ស.ស.យ.កស្រុកពេជ្រាដា រួមជាមួយអភិបាលរងស្រុក បាននាំយកក្តាមឈូស និងបច្ច័យពីសប្បុរសជន ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋក្រីក្រ នៅឃុំប៊ូស្រា

(មណ្ឌលគិរី)៖ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពេជ្រាដា ដឹកនាំដោយលោក អ៊ាន ស៊ាងអន ប្រធានស.ស.យ.កស្រុក អមដំណើរជាមួយលោក វណ្ណា ម៉ាប់ អភិបាលរងស្រុកពេជ្រាដា និងលោកមេឃុំ បាននាំយកបច្ច័យជិត៥០ម៉ឺនរៀល និងក្តាមឈូស១សម្រាប់ ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសពលោកតា ដួង យ៉ូត អាយុ៧១ឆ្នាំ មរណភាព ដោយជរាពាធ រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ 

លោក អ៊ាន ស៊ាងអន ប្រធានស.ស.យ.កស្រុក បានឱ្យដឹងថា ក្តាមឈូសមួយសម្រាប់ និងបច្ច័យចំនួន ៤៦០,០០០រៀល គឺបានមកពីការជួយឧបត្ថម្ភពីលោកស្រី ថុង សុថេត អាជីវករ នៅផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានផ្តល់តាមរយៈលោក ទូច ម៉ាឡា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.កខេត្ត និងបច្ច័យមួយចំនួនទៀត បានមកពីការចូលរួមពីមន្រ្តីរាជការក្នុងរដ្ឋបាលស្រុក និងសមាជិក សសយកស្រុក និងលោកមេឃុំប៊ូស្រាផងដែរ។

លោក អ៊ាន ស៊ាងអន ជំនួសមុខឲ្យក្រុមគ្រួសារនៃសព និងក្នុងនាម តំណាងឲ្យក្រុមគ្រួសារ សសយកស្រុកពេជ្រាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកស្រី ថុង សុថេត និងសប្បុរស់ជននានា ដែលមានចិត្តសទ្ឋាជ្រះថ្លាចូលរួមរំលែកទុក្ខ ក្នុងកម្មវិធីបុណ្យសពលោកតា ដូងយ៉ូត និងសូមជូនពរឲ្យជួបប្រទះនូវពុទ្ឋ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕