ស.ស.យ.ក. ខេត្តកំពង់ចាម សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា ស្រុកជើងព្រៃបានរៀបចំកម្មវិធី សន្និសីទគ្រូបង្រៀន ស្ដីពី “ការលើកកម្ពស់គុណភាពអប់រំ ក្នុងស្រុកជើងព្រៃ”

(កំពង់ចាម)៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម សហការជាមួយការិយាល័យអប់រំយុវជន និងកីឡា ស្រុកជើងព្រៃបានរៀបចំកម្មវិធី សន្និសីទគ្រូបង្រៀន ស្ដីពី “ការលើកកម្ពស់គុណភាពអប់រំ ក្នុងស្រុកជើងព្រៃ” ក្រោមអធិបតីភាពលោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលមានអ្នកចូលរួមសរុប ២០០នាក់ ក្នុងនោះមានគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ស.ស.យ.ក និងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យអប់រំផងដែរ។

សន្និសីទបានប្រព្រឹត្តទៅក្រោមប្រធានបទ៣គឺ

-ប្រធានបទទី១: ស្វែងយល់អំពីសមិទ្ធផល បញ្ហាប្រឈម និងការឆ្លើយតបក្នុងការលើកកម្ពស់វិស័យអប់រំ ផ្នែកកុមារតូច (មត្តេយ្យសិក្សា) និងបឋមសិក្សា ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

-ប្រធានបទទី២: ស្វែងយល់អំពីសមិទ្ធផល បញ្ហាប្រឈម និងការឆ្លើយតបក្នុងការលើកកម្ពស់គុណភាពអប់រំ ផ្នែកមធ្យមសិក្សា ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

-ប្រធានបទទី៣: ភាពច្នៃប្រឌិតក្នុងការគ្រប់គ្រង ការបង្រៀន និងរៀន…

រាល់ការធ្វើបទបង្ហាញលើប្រធានបទនីមួយៗមានការចូលរួមយ៉ាងផុលផុសពីអ្នកចូលរួមក្នុងការចោទសួររាល់ចម្ងល់ពាក់ព័ន្ធនឹងការអប់រំ ការគ្រប់គ្រងសាលាបច្ចេកវិទ្យាសម័យទំនើប ស្របតាមបរិបទកំណែទម្រង់សុីជម្រៅ ធ្វើអោយសិស្សានុសិស្សមានការយកចិត្តទុកដាក់ក្នុងការសិក្សាខ្ពស់ជាងមុនគួរអោយកត់សម្គាល់។

គណ:អធិបតីបានធ្វើការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ប្រកបដោយការប្ដេជ្ញាចិត្តក្នុងការចូលរួមយ៉ាងសកម្មលើកកម្ពស់គុណភាពអប់រំក្នុងស្រុកជើងព្រៃ ក៏ដូចជាខេត្តកំពង់ចាមទាំងមូល។

សូមបញ្ជាក់ថា: សាលាបឋមសិក្សា នរោត្តម.ឬទ្ធិ.ស្ដើងជ័យ ស្ថិតក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ជាសាលាទី១ប្រចាំខេត្តកំពង់ចាមដែលមានបរិស្ថានស្អាតគ្មានការប្រើប្រាស់ប្រអប់ និងថង់ផ្លាស្ទិចក្នុងសាលា។