មន្រ្តីក្រសួងព័ត៌មានចាប់ផ្តើមស្វែងយល់ខ្លឹមសារផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹង កិច្ចប្រជុំ (ASEM)លើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២០ខាងមុខ

វិទ្យុជាតិកម្ពុជា៖

MC៖មន្រ្តីក្រសួងព័ត៌មានចាប់ផ្តើមកិច្ចប្រជុំត្រួតពិនិត្យនិងស្វែងយល់ខ្លឹមសារផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប(ASEM)លើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២០ខាងមុខនេះដើម្បីធានាឲ្យការផ្សព្វផ្សាយព័ត៌មានបានគ្រប់ជ្រុងជ្រោយទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទំាងក្នុងប្រទេស ក្នុងតំបន់ និងនៅលើពិភពលោក។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ ក្រោមការដឹកនាំដោយ ឯកឧត្តមហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជំនាញជាច្រើនទៀត ដែលជាសមាជិក សមាជិកា នៃអនុគណៈកម្មការខ្លឹមសារ និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការផ្តល់ខ្លឹមសារនិងប្រធានបទផលិតព័ត៌មាន បទយកការណ៍ និងកម្មវិធីតុមូលរបស់វិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន កម្ពុជា ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលចាប់ផ្តើមផ្សព្វផ្សាយចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ឯកឧត្តមហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ច ពិភាក្សានេះមានសារៈសំខាន់ណាស់ដើម្បីឲ្យក្រុមការងារជាសមាជិកទំាងអស់បានយល់កាន់តែ ច្បាស់ពីអត្ថន័យខ្លឹមសារនៃកិច្ចប្រជុំកំពូលនេះ ដើម្បីធានាឲ្យការផ្សព្វផ្សាយបានប្រព្រឹត្តទៅ ប្រកបដោយគុណភាព ច្បាស់លាស់សម្រាប់សាធារណៈជន។
ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM)លើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២០ខាងមុខនេះ នឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងជូនកម្ពុជា ពិសេសធ្វើឲ្យពិភពលោកកាន់តែស្គាល់ កម្ពុជាយ៉ាងច្បាស់ពីបញ្ហាសន្តិសុខ នយោបាយល្អ ដែលធានាសុវត្ថិភាពនិង ស្ថេរភាពសង្គម។
សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM)គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយនិង កិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុប ទាំង៣០ប្រទេស និង អាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។កិច្ចពិភាក្សាASEMនឹងលើកឡើងពីបញ្ហានយោបាយសេដ្ឋកិច្ច និងវប្បធម៌ជាមួយគោលបំណងនៃការលើកកំពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរដោយ ឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមកនិងភាពជាដៃគូដោយស្មើសិទ្ធិគ្នា។
គួរំលឹកថា កិច្ចប្រជុំអាស៊ីអឺរុបកាលពីលើកទី១២ បានធ្វើឡើងក្នុងទីក្រុងប្រ៊ុសសែល ប្រទេសបែលហ្ស៊ិកដោយមានការចូលរួមពីប្រមុខរដ្ឋរដ្ឋាភិបាលនិងតំណាងមន្ត្រីជាន់ខ្ពស់នៃប្រទេសក្នុងតំបន់អាស៊ី និងអឺរុបចំនួន៥១ប្រទេស ហើយដែលបានធ្វើឡើងក្រោមប្រធានបទ “អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល”៕