ពលរដ្ឋម្នាក់នៅខេត្ដសៀមរាប អភិរក្សឧបករណ៍ និងសម្ភារបុរាណនៅផ្ទះស្នាក់ Home Stay ដើម្បីឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរ !

(សៀមរាប)៖ ពលរដ្ឋមួយរូប នៅស្រុកពួក ខេត្ដសៀមរាប បានប្រមូលឧបករណ៍ និងសម្ភារបុរាណ និងគល់ឈើចាស់ៗច្នៃគ្រឿងសង្ហារឹមដាក់តាំងនៅកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់អ្នកដំណើរ ឬហៅថា Home Stay ដើម្បីបង្កើតការទាក់ទាញអ្នកទេសចរ និងដើម្បីអភិរក្សរបស់បុរាណទុកសម្រាប់កូនចៅជំនាន់ ក្រោយអោយបានស្គាល់ ខណ: ដែលផ្ទះសំណាក់ សណ្ឋាគារនៅទីក្រុងសៀមរាប កំពុងរីកចំរើនដោយគ្រឿងសង្ហារឹម និងសម្ភារទំនើបៗ ដាក់បង្ហាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។

លោក ព្រឹក ព្រហ្មមេត្ដា ដែលជាម្ចាស់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន បានឲ្យដឹងថា ផ្ទះស្នាក់ដែលលោកបានរៀបចំនេះ ជារបៀបផ្ទះបុរាណដែលបានបង្កើតឡើងរយ:ពេល ២ឆ្នាំមកហើយ ដោយលោកប្រមូលយកឧបករណ៍ និងសម្ភារចាស់ៗរួមមាន ឆ្នាំងស្ពាន់ ក្រឡ ឪទិន ក្អម កង់រទេះ និងសម្ភាររបស់របរបុរាណជាច្រើនទៀត ដើម្បីអភិរក្សទុកអោយមនុស្សជំនាន់ក្រោយបានស្គាល់ បានដឹងពីសម្ភារជំនាន់ដើម ពិសេសក៏ចង់ អោយបរទេសស្គាល់ពីសិល្ប:វប្បធម៌ប្រើប្រាស់របស់ខ្មែរផងដែរ ។ ជាមួយគ្នានោះ គល់ឈើចាស់ៗដ៏មានតម្លៃ ដែលសល់ពីភ្លើងឆេះ លោកបានយកមករក្សាទុកតាំងលម្អរក្នុងផ្ទះស្នាក់យ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាឲ្យមាន ការទាក់ទាញពីភ្ញៀវទេសចរ។

លោក បានបន្ដថា សម្ភារចាស់ៗដែលលោកបានប្រមូលយកមកតាំងនេះ គឺលោកបានដើរសុំ និងទិញ ពីប្រជាពលរដ្ឋតាមភូមិផ្សេងៗដែលប្រជាពលរដ្ឋបានរក្សាទុកនៅតាមផ្ទះរបស់ពួកគាត់។ ជាមួយគ្នានោះដែរ លោកក៏បានបង្កើតអោយមាននូវសិល្ប:បាញ់ព្រួញ និងមានការរៀបចំស្លៀកពាក់ជារបៀបមេទ័ពពីជំនាន់ ដើមផងដែរ។

បើតាមលោក ព្រឹក ព្រហ្មមេត្ដា បានអោយដឹងទៀតថា ការតុបតែជារបៀបបុរាណនេះ ដោយសារលោក ស្រលាញ់វប្បធម៌ប្រពៃណីដូនតារបស់ខ្មែរតាំងដើមមក។ លោកបានបន្ថែមថា យើងជាកូនខ្មែរ ត្រូវគោរពនិង ថែរក្សាសិល្ប:វប្បធម៌ទាំងនេះអោយបានគង់វង់តកូនចៅជំនាន់ក្រោយ។

លោកបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ក៏មានភ្ញៀវទេសចរអន្ដរជាតិមកស្នាក់នៅផ្ទះរបស់លោកផងដែរ ដោយសារពួកគាត់មានការគោរព និងស្រលាញ់ចូលចិត្ដសម្ភាររបស់ខ្មែរដែលលោកបានដាក់តាំង បង្ហាញនេះរួមជាមួយការស្នាក់នៅ ព្រោះផ្ទះជារបៀបបុរាណខ្មែរ ខណ:នៅខេត្តសៀមរាបមានសណ្ឋាគារ ស្តង់ដារខ្ពស់ជិត ១៣០កន្លែង ផ្ទះសំណាក់មានជិត៤០០កន្លែង និងភោជនីយដ្ឋានទំនើបៗ ខ្នាតអន្តរជាតិជាច្រើន កន្លែងកំពុងបម្រើភ្ញៀវទេសចរប្រកបដោយភាពទាក់ទាញ ៕ អត្ថបទ និងរូបភាព៖ ប៊ូ សាវី កែសម្រួលដោយលីវ សុខុន !!!