សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកា “ជំនួបអ្នកអាន” ប្រព្រឹត្តទៅនៅបណ្ណាល័យកំពង់ចាមដែលមានប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យដីដុះ និងវិទ្យាល័យសំបួរមាស ក្នុងក្រុងកំពង់ចាមចំនួន២០០នាក់ចូលរួម

(កំពង់ចាម)៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានរៀបចំវេទិកា “ជំនួបអ្នកអាន” ប្រព្រឹត្តទៅនៅបណ្ណាល័យកំពង់ចាមដែលមានប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យដីដុះ និងវិទ្យាល័យសំបួរមាស ក្នុងក្រុងកំពង់ចាមចំនួន២០០នាក់ចូលរួម ។
វេទិកានេះរៀបចំឡើងដើម្បីជំរុញស្មារតីស្រឡាញ់សៀវភៅ បង្កើតទម្លាប់អាន បង្កើនចំណេះ អភិវឌ្ឍន៍ខ្លួនជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ។

នៅក្នុងវេទិកាមានការចូលរួមពីវាគ្មិនកិត្តិយសដែលបានមកចែករំលែកបទពិសោធន៍ល្អៗ និងគុណប្រយោជន៍នៃការអានសៀវភៅ ការអានអំណានស្ងាត់ដើម្បីឆ្លើយនឹងសំណួរ ព្រមទាំងការកែអក្ខរាវិរុទ្ធពាក្យអោយបានត្រឹមត្រូវតាមរយ: ការជ្រើសរើសពាក្យមកបំពេញក្នុងល្បះផងដែរ។ គ្រប់ដំណាក់កាលនៃកម្មវិធីមានការចូលរួមយ៉ាងផុសផុលពីប្អូនៗសិស្សានុសិស្ស ដើម្បីដណ្ដើមយកអំណោយដ៏មានតម្លៃពីកម្មវិធីគឺ “សៀវភៅ”។ គ្រប់សៀវភៅដែលបានផ្ដល់ជូនដល់ប្អូនៗ ស.ស.យ.ក ខេត្តកំពង់ចាមនឹងរៀបចំកម្មវិធីមួយទៀតក្នុងពេលឆាប់ៗខាងមុខដើម្បីអោយប្អូនៗឡើងធ្វើបទបង្ហាញពីខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅនោះ។

លោក ហាន កុសល ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមបានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្អូនៗទាំងអស់អោយខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ដើម្បីសម្រេចនូវបំណងប្រាថ្នាដ៏ជាក់លាក់មួយនាពេលអនាគត។ ព្យាយាមបង្កើតទម្លាប់អានសៀវភៅជាប់ជាប្រចាំដោយចាប់ផ្ដើមពីការដាក់សៀវភៅតាមខ្លួន នៅផ្ទះក៏ដូចជាគ្រប់ទីកន្លែងដែលយើងទៅ។

វេទិកា “ជំនួបអ្នកអាន” បានបញ្ចប់ដោយរីករាយ និងមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួម ជាមួយនឹងការប្ដេជ្ញាចិត្តអានសៀវភៅអោយក្លាយជាទម្លាប់ដោយមិនអាចខ្វះបាន។