សមាជិកស.ស.យ.ក.ខេត្តមណ្ឌលគិរី បានបរិច្ចាគឈាម២ប្លោក ជួយសង្រ្គោះដល់ភរិយា សមាជិកស.ស.យ.ក.ម្នាក់ ដែលឆ្លងទន្លេដោយវះកាត់

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអំពាវនាវពីលោក ណយ ចន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមានការយកចិត្តទុកដាក់ពីលោក ឈឹម កាន ជាប្រធានស.ស.យ.ក.ខេត្ត ដើម្បីស្វែងរកសប្បុរសជន ជួយសង្រ្គោះដល់ភរិយា លោក ងូក សុវណ្ណ សមាជិកស.ស.យ.កមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលកំពុងត្រូវការឈាមប្រភេទB ជាបន្ទាន់ ដើម្បីវះកាត់ ដោយគាត់មិនអាចឆ្លងទន្លេតាមធម្មជាតិបាន រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗនោះ លោកស្រី ភារម្យ មន្រ្តីនគរបាលខេត្ត បានចូលរួមបរិច្ចាគឈាម១ប្លោក លោក កោ គីមអូន សមាជិកស.ស.យ.ក.មន្ទីរការងារ បានជួយបរិច្ចាគឈាម ១ប្លោក និងលោក ហួត សុធារិទ្ធ សមាជិកគណៈអចិន្រ្ទៃយ៍ស.ស.យ.ក.ខេត្ត (អ្នកបម្រុង) បានជួយសង្រ្គោះដល់ភរិយា លោក ងូក សុវណ្ណ រហូតមកដល់ពេលនេះ ការឆ្លងទន្លេ ដោយធ្វើការវះកាត់ ទទួលបានជោគជ័យហើយ។

នាឱកាសនោះ លោក ងូក សុវណ្ណ សមាជិកស.ស.យ.ក. ដែលត្រូវជាស្វាមី បានថ្លែងអំណរគុណដល់លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសមាជិក សមាជិកា រួមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាម ក្នុងការជួយសង្រ្គោះដល់ភរិយារបស់គាត់ និងសូមគោរពជូនពរដល់លោកប្រធាន និងក្រុមការងារសសយក រួមទាំងសប្បុរសជន សូមទទួលនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕