សេចក្តីប្រកាសព័ត៌មានលទ្ធផល នៃការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ី -អឺរ៉ុប លើក ទី១៤ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង ម៉ាឌ្រីត ប្រទេស អេស្ប៉ាញ។

ក្រោមមូលបទ“អាស៊ី និងអឺរ៉ុប៖ រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ” (Asia and Europe: Together for Effective Multilateralism) រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេស សមាជិកកិច្ច ប្រជុំ អាស៊ី- អឺរ៉ុប (ASEM) មកពី៥១ប្រទេសរួមនឹងតំណាងជាន់ខ្ពស់ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និង អគ្គលេខាធិការអាស៊ាន បានពិភាក្សាបញ្ហាសកល និងតំបន់ចម្បងៗ ដែលជាការយកចិត្តទុកដាក់ រួមរបស់ ទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជា មធ្យោបាយ នានា ក្នុងការរក្សាសុវត្ថិភាព និង លើកកម្ពស់តួនាទីជាយុទ្ធសាស្រ្តរបស់ ASEM នៅ ក្នុងប្រព័ន្ធ ពហុភាគីនិយម ។ រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ ជាថ្មីម្តងទៀតនូវការគាំទ្រគោលការណ៍ស្នូលរបស់ ASEM មានជាអាទិ៍កិច្ចសន្ទនាភាពក្រៅផ្លូវការភាពបត់បែនសមភាព និង ការគោរពគ្នាទៅ វិញទៅមកដោយឈរលើស្មារតី នៃការឯកភាពគ្នាភាពជាដៃគូ ស្មើភាព និង ផលប្រយោជន៍ ទៅវិញទៅមក ។

រដ្ឋមន្រ្តីការបរទេស បានគូសបញ្ជាក់ពី គុណតម្លៃរបស់ ASEM ថា ជាវេទិកាដ៏សំខាន់មួយ សម្រាប់ពហុភាគីនិយមដ៏ រឹងមាំនិង ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាក្នុង សណ្តាប់ធ្នាប់ អន្តរជាតិដែលយកច្បាប់ជាគោល។ រដ្ឋមន្រ្តីបាន បញ្ជាក់ ជាថ្មីនូវសេចក្តីត្រូវការក្នុងការប្រកាន់ខ្ជាប់ពង្រឹង និង កំណែទំរង់ ប្រព័ន្ធ ពាណិជ្ជ កម្មពហុ ភាគីនិយម ព្រមទាំងបានប្តេជ្ញា ប្រយុទ្ធប្រឆាំង នឹងការគាំពារនិយម តាមគ្រប់រូបភាព ក្នុងនោះ រួម ទាំងវិធានការណ៍ ឯកតោភាគី គាំពារនិយមផងដែរ ។ រដ្ឋមន្រ្តី បានលើកឡើងពីភាពបន្ទាន់នៃការ ដោះស្រាយការជាប់គាំង នៃការតែងតាំង សមាជិកនៃស្ថាប័ន ឧទ្ធរណ៍របស់ អង្គការសហប្រជាជាតិ (WTO Appellate Body) និងធានាឱ្យបាននូវដំណើរការដ៏ត្រឹមត្រូវ នៃប្រព័ន្ធដោះស្រាយជម្លោះ ។

រដ្ឋមន្រ្តីការបរទេស បានអះអាងជា ថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ ២០២៥ និងមជ្ឈិមភាព អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែប្រែប្រួល ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីអាស៊ាន ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និង វិបុលភាព នៅក្នុងតំបន់និង លើសពីកម្រិតតំបន់ ។ រដ្ឋមន្រ្តីការបរទេស បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់ អាស៊ាន ក្នុងការពង្រីកទំនាក់ទំនងរបស់ខ្លួន ជាមួយ បណ្តាដៃគូ ASEM ផ្សេងទៀត និង បានកត់សម្គាល់នូវចំណាប់ អារម្មណ៍របស់ដៃគូ ASEM ខាងអឺរ៉ុបក្នុងការចូលរួមបន្ថែមទៀតនៅក្នុងតំបន់ តាមរយៈដំណើរ ការពាក់ព័ន្ធ ទាំងអស់ ដែលដឹកនាំ ដោយអាស៊ាន។

ចំពោះ សម ភាព យេនឌ័រ រដ្ឋមន្រ្តីការ បរទេសបាន កត់សម្គាល់ ពីតួនាទីផ្សេងៗ គ្នារួមទាំង តួនាទី ដឹកនាំ របស់ស្រ្តី នៅក្នុងការបង្កា និង ដោះស្រាយជម្លោះ ការសម្រុះសម្រួល ក៏ដូចជា ក្នុងដំណើរការរក្សា សន្តិភាព និង កសាងសន្តិភាព ផងដែរ ។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងបទ អន្តរាគមន៍មួយ ក្រោមប្រធាន បទ “ សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រី នៅក្នុងការរក្សាសន្តិភាព និង សន្តិសុខ” ដោយ ឯកឧត្តមបាន សង្កត់ធ្ងន់ទៅលើការចូលរួមយ៉ាងសកម្មពីភាគីពាក់់ព័ន្ធ ទាំងអស់ក្នុងនោះ ក៏ រួមមានស្រ្តីផងដែរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ ។

នៅក្នុង វិស័យ សន្តិភាព និង សន្តិសុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បុគ្គលិកលក្ខណៈ ប្រកបដោយការយកចិត្ត ទុកដាក់ អត់ធ្មត់ និង មុះមុត របស់ស្រ្តីបន្ថែម នូវដំណោះស្រាយ មួយថែមទៀតសម្រាប់ ដំណើរការកសាង សន្តិភាព និង ការរក្សាសន្តិភាពប្រកបដោយ ប្រសិទ្ធភាព ។ ឯកឧត្តម បានគូសបញ្ជាក់ពី គោលនយោបាយ លើកកម្ពស់សិទ្ធិអំណាច ស្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងនោះរួមទាំង ប្រតិបត្តិការ បោសសំអាត មីន ដែលកន្លងមកមានតែបុរសប៉ុណ្ណោះ ជាអ្នកអនុវត្តការងារ ។ ដោយបានបញ្ជូនស្រ្តីចំនួន៣១៥ រូប នៅក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ កម្ពុជាទទួល បានចំណាត់ថ្នាក់ទី ១៧ ក្នុង ចំណោម ១២២ប្រទេស ដែលបានបញ្ជូនកង កម្លាំងជាស្រ្តី ច្រើនជាងគេនៅក្នុង បេសកកម្ម រក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ នៅ ជុំវិញ ពិភពលោក។
ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់រដ្ឋមន្ត្រីការបរទេសASEM បានពិភាក្សា បញ្ហា នានា ជាច្រើន មានជាអាទិ៍ការរំសាយអាវុធនុយក្លេអ៊ែរ នៅ ឧបទ្ធីបកូរ៉េ ការតាំងទីលំនៅថ្មីរបស់ ជនភៀសខ្លួននៅ រដ្ឋ រ៉ាខាញ (មីយ៉ាន់ម៉ា) កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ជម្លោះ អ៊ីស្រាអែ ល-ប៉ាឡេស្ទីន បញ្ហា អ៊ុយក្រែន និង អាហ្វហ្គានីស្ថាន ។ រដ្ឋមន្រ្តីការបរទេស បានអំពាវនាវ ឱ្យមានការអត់ធ្មត់ និងកាត់បន្ថយនូវភាពតានតឹងបច្ចុប្បន្ន ព្រម ទាំងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិភាព និងសន្តិសុខ។

រដ្ឋមន្រ្តីការបរទេស បានលើកឡើង ពី តម្រូវការក្នុងការ ជំរុញការត ភ្ជាប់ អាស៊ី-អឺរ៉ុប និងបានឯកភាព លើកកម្ពស់ កិច្ចសហប្រតិបត្តិការ ASEM លើវិស័យ បច្ចេកវិទ្យាព័ត៌មាន និង ការតភ្ជាប់ វិស័យ ឌី ជីថល។ រដ្ឋមន្រ្តី ក៏បាន គូសបញ្ជាក់ ពីភាពចាំបាច់នៃ ការអនុវត្ត កិច្ចព្រមព្រៀងទី ក្រុងប៉ារីស ឱ្យបានពេញលេញ និង បន្ទាន់ព្រមទាំងបានអំពាវនាវ ឱ្យមានសកម្មភាពកាត់ បន្ថយបម្រែបម្រួល អាកាសធាតុ ឱ្យបានប្រសើរថែមទៀតនៅគ្រប់កម្រិត ។ រដ្ឋមន្រ្តីក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាផ្សេងទៀត ជាច្រើន ដែល ជាការយកចិត្តទុកដាក់ និងក្តីកង្វល់រួម រួមមាន ការប្រយុទ្ធ ប្រឆាំង ភេរវកម្ម បញ្ហា សន្តិភាព និង សន្តិ សុខ ដែន សមុទ្រ បញ្ហាតាម ប្រព័ន្ធ បច្ចេក វិទ្យា អ៊ីន ធឺណិត និងបច្ចេក វិទ្យា ព័ត៌មាន វិទ្យា គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព បញ្ហា សំរាម នៅ សមុទ្រ និង ការតភ្ជាប់ប្រកបដោយចីរភាព។
រដ្ឋមន្រ្តីការបរទេស ASEM បាន អនុម័ត សេចក្តីថ្លែងការណ៍ ប្រធានអង្គប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ី -អឺរ៉ុប លើកទី ១៤ ក្រោមមូលបទ “ អា ស៊ី និង អឺ រ៉ុប៖ រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធ ភាព ” ។

▪️ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី ១៣ ឆ្នាំ ២០២០ នៅ កម្ពុជា

នៅ ក្នុង កម្ម វិធី បិទ កិច្ច ប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន ប្រកាស ជា ផ្លូវ ការ ថា កិច្ច ប្រជុំ កំពូល អាស៊ី- អឺរ៉ុប លើក ទី ១៣ នឹង ប្រព្រឹត្ត ទៅ នៅ ថ្ងៃទី ១៦-១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ រាជ ធានី ភ្នំ ពេញ ក្រោម មូល បទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន បង្ហាញ វី ដេអូ រយៈ ពេល បី នាទី ស្ដី ពី ការ ប្ដេជ្ញា និង ការ ត្រៀម ខ្លួន របស់ កម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ រៀប ចំ កិច្ច ប្រជុំ កំពូល អាស៊ី-អឺរ៉ុប លើក ទី ១៣ ។ វីដេអូនេះ បាន ទទួល ការ សារទរយ៉ាង ខ្លាំង ពី សំណាក់ រដ្ឋ មន្រ្តី ការ បរទេស អាស៊ី-អឺរ៉ុប និង អ្នក ចូល រួម កិច្ច ប្រជុំ រដ្ឋ មន្រ្តីការ បរទេស អាស៊ី-អឺរ៉ុប លើក ទី ១៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាន ជម្រាបជូន អង្គ ប្រជុំ ផង ដែរ ថា កម្ពុជា ក៏ នឹង រៀប ចំ ព្រឹត្តិការណ៍ ក្រៅ កិច្ច ប្រជុំ កំពូល ចំនួន ០៧ រួម មាន (១) កិច្ច ប្រជុំភាព ជា ដៃគូ សភា អាស៊ី-អឺរ៉ុប (២) វេទិកា សេដ្ឋ កិច្ច និង ធុរកិច្ច អាស៊ី-អឺរ៉ុប (៣) កិច្ច ប្រជុំ កំពូល ថ្នាក់ ដឹក នាំ វ័យ ក្មេង មូល និធិអាស៊ី-អឺរ៉ុប (៤) វេទិកា តុមូល និពន្ធ នាយក មូល និធិ អាស៊ី-អឺរ៉ុប (៥) វេទិកា ការងារ អាស៊ី-អឺរ៉ុប (៦) វេទិកា ប្រជាជន អាស៊ី-អឺរ៉ុប និង (៧) មហោស្រព វប្បធម៌ កិច្ច ប្រជុំ អាស៊ី-អឺរ៉ុប ។ ជាកិច្ច បញ្ចប់ អង្គ ប្រជុំ ទាំងមូល សំដែងការ សារទរ និង រង់ ចាំ ចូល រួម កិច្ច ប្រជុំ កំពូល អាស៊ី-អឺរ៉ុប លើក ទី ១៣ នៅរាជ ធានី ភ្នំ ពេញ។

▪️ កិច្ច ប្រជុំ ទ្វេភាគី
នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ី -អឺរ៉ុប លើក ទី ១៤ នេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានឆ្លៀត ឱកាសជួបពិភាក្សាការងារ ទ្វេភាគី ជា មួយសមភាគីជាដៃគូ ASEM មួយ ចំនួនដើម្បី ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានយកឱកាសដើម្បី បង្ហាញ អំពីសមិទ្ធផល សង្គមសេដ្ឋកិច្ច នានា និងការវិវឌ្ឍ នយោបាយរបស់កម្ពុជា ។ កិច្ចប្រជុំ ក៏បានផ្តោតសំខាន់ទៅលើ ទំនាក់ទំនង ទ្វេភាគី ក៏ដូចជាបញ្ហា តំបន់ និង អន្តរជាតិ ដែល ជាក្តីកង្វល់រួមផងដែរ ។ ខាង ក្រោម នេះគឺជាឥស្សរជន ដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានទទួលជួប៖
1. ឯកឧត្តម Joseph Borrell តំណាង ជាន់ ខ្ពស់ ទទួល បន្ទុក កិច្ច ការ បរទេស និង គោល នយោបាយ សន្តិសុខ និងជាអនុ ប្រធាន គណៈ កម្មការ អឺរ៉ុប
2. ឯកឧត្តម Motegi Toshimitsu រដ្ឋមន្រ្តីការ បរទេស ជប៉ុន
3. លោក ជំទាវ Margarita Robles រដ្ឋមន្រ្តីស្តីទី នៃ ក្រសួង ការបរទេស កិច្ចការ សហភាព អឺរ៉ុប និង សហប្រតិបត្តិការរបស់ អេស្ប៉ាញ
4. ឯកឧត្តម Alexander Schallenberg រដ្ឋមន្រ្តីការ បរទេស នៃ សាធារណរដ្ឋ អូទ្រីស
5. ឯកឧត្តម Shri V. Muraleedharan រដ្ឋមន្រ្តីរដ្ឋ ទទួល បន្ទុក កិច្ចការបរទេស នៃសាធារណ រដ្ឋ ឥណ្ឌា៕