លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ

វិទ្យុជាតិកម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថាកិច្ចប្រជុំនេះ ក្រោមមូលបទ“អាស៊ី និង អឺរ៉ុប៖ រួមគ្នា ដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព” (Asia and Europe: Together for Effective Multilateralism) រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសសមាជិកកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) មកពី ៥១ប្រទេស រួមនឹងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាបញ្ហាសកលនិងតំបន់ចម្បងៗ ដែលជាការយកចិត្តទុកដាក់រួមរបស់ទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាមធ្យោបាយនានាក្នុងការរក្សាសុវត្ថិភាព និងលើកកម្ពស់តួនាទីជាយុទ្ធសាស្រ្តរបស់ ASEM នៅក្នុងប្រព័ន្ធពហុភាគីនិយម។ រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្រគោលការណ៍ស្នូលរបស់ ASEM មានជាអាទិ៍ កិច្ចសន្ទនា ភាពក្រៅផ្លូវការ ភាពបត់បែន សមភាព និងការគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីនៃការឯកភាពគ្នា ភាពជាដៃគូស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក។ រដ្ឋមន្រ្តីការបរទេស បានគូសបញ្ជាក់ពីគុណតម្លៃរបស់ ASEM ថាជាវេទិកាដ៏សំខាន់មួយសម្រាប់ ពហុភាគីនិយមដ៏រឹងមាំនិងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាក្នុងសណ្តាប់ធ្នាប់អន្តរជាតិដែលយកច្បាប់ជាគោល។ រដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវសេចក្តីត្រូវការក្នុងការប្រកាន់ខ្ជាប់ ពង្រឹង និងកំណែទំរង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ព្រមទាំងបានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការគាំពារនិយមតាមគ្រប់រូបភាព ក្នុងនោះរួមទាំងវិធានការណ៍ឯកតោភាគីគាំពារនិយមផងដែរ។ រដ្ឋមន្រ្តី បានលើកឡើងពីភាពបន្ទាន់នៃការដោះស្រាយការជាប់គាំង នៃការតែងតាំងសមាជិកនៃស្ថាប័នឧទ្ធរណ៍របស់អង្គការសហប្រជាជាតិ(WTO Appellate Body)និងធានាឱ្យបាននូវដំណើរការដ៏ត្រឹមត្រូវនៃប្រព័ន្ធដោះស្រាយជម្លោះ។ រដ្ឋមន្រ្តីការបរទេសបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងមជ្ឈិមភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែប្រែប្រួល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទីអាស៊ានក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងលើសពីកម្រិតតំបន់។ រដ្ឋមន្រ្តីការបរទេស បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាដៃគូ ASEM ផ្សេងទៀត និងបានកត់សម្គាល់នូវចំណាប់អារម្មណ៍របស់ដៃគូ ASEM ខាងអឺរ៉ុប ក្នុងការចូលរួមបន្ថែមទៀតនៅក្នុងតំបន់ តាមរយៈដំណើរការពាក់ព័ន្ធទាំងអស់ដែលដឹកនាំដោយអាស៊ាន។ចំពោះសមភាពយេនឌ័រ រដ្ឋមន្រ្តីការបរទេស បានកត់សម្គាល់ពីតួនាទីផ្សេងៗគ្នា រួមទាំងតួនាទីដឹកនាំរបស់ស្រ្តី នៅក្នុងការបង្កានិងដោះស្រាយជម្លោះ ការសម្រុះសម្រួល ក៏ដូចជាក្នុងដំណើរការរក្សាសន្តិភាព និងកសាងសន្តិភាព ផងដែរ។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានថ្លែងបទអន្តរាគមន៍មួយ ក្រោមប្រធានបទ“សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រី នៅក្នុងការរក្សាសន្តិភាព និងសន្តិសុខ” ដោយឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការចូលរួមយ៉ាងសកម្ម ពីភាគីពាក់់ព័ន្ធទាំងអស់ក្នុងនោះក៏រួមមានស្រ្តីផងដែរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ។
នៅក្នុងវិស័យសន្តិភាព និងសន្តិសុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បុគ្គលិកលក្ខណៈ ប្រកបដោយការយកចិត្តទុកដាក់ អត់ធ្មត់ និងមុះមុតរបស់ស្រ្តី បន្ថែមនូវដំណោះស្រាយមួយថែមទៀតសម្រាប់ដំណើរការកសាងសន្តិភាព និងការរក្សាសន្តិភាពប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម បានគូសបញ្ជាក់ពីគោលនយោបាយលើកកម្ពស់សិទ្ធិអំណាចស្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនោះរួមទាំងប្រតិបត្តិការបោសសំអាតមីន ដែលកន្លងមកមានតែបុរសប៉ុណ្ណោះជាអ្នកអនុវត្តការងារ។ ដោយបានបញ្ជូនស្រ្តីចំនួន៣១៥ រូប នៅក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៧ ក្នុងចំណោម ១២២ប្រទេស ដែលបានបញ្ជូនកងកម្លាំងជាស្រ្តីច្រើនជាងគេនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសASEM បានពិភាក្សាបញ្ហានានាជាច្រើន មានជាអាទិ៍ ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្ធីបកូរ៉េ ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួននៅរដ្ឋរ៉ាខាញ (មីយ៉ាន់ម៉ា) កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បញ្ហាអ៊ុយក្រែន និងអាហ្វហ្គានីស្ថាន។ រដ្ឋមន្រ្តីការបរទេស បានអំពាវនាវឱ្យមានការអត់ធ្មត់ និងកាត់បន្ថយនូវភាពតានតឹងបច្ចុប្បន្នព្រមទាំងបានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិភាព និងសន្តិសុខ។រដ្ឋមន្រ្តីការបរទេស បានលើកឡើងពីតម្រូវការក្នុងការជំរុញការតភ្ជាប់អាស៊ី-អឺរ៉ុប និងបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការ ASEM លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងការតភ្ជាប់វិស័យឌីជីថល។ រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញនិងបន្ទាន់ ព្រមទាំងបានអំពាវនាវឱ្យមានសកម្មភាពកាត់បន្ថយបម្រែបម្រួលអាកាសធាតុឱ្យបានប្រសើរថែមទៀតនៅគ្រប់កម្រិត។ រដ្ឋមន្រ្តីក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាផ្សេងទៀតជាច្រើនដែលជាការយកចិត្តទុកដាក់ និងក្តីកង្វល់រួម រួមមាន ការប្រយុទ្ធប្រឆាំងភេរវកម្ម បញ្ហាសន្តិភាព និងសន្តិសុខដែនសមុទ្រ បញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតនិងបច្ចេកវិទ្យាព័ត៌មានវិទ្យា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បញ្ហាសំរាមនៅសមុទ្រ និងការតភ្ជាប់ប្រកបដោយចីរភាព។
រដ្ឋមន្រ្តីការបរទេស ASEM បានអនុម័តសេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ី-
អឺរ៉ុបលើកទី១៤ ក្រោមមូលបទ “អាស៊ី និង អឺរ៉ុប៖ រួមគ្នា ដើម្បីពហុភាគីនិយមប្រកបដោយ ប្រសិទ្ធ
ភាព” ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា

នៅក្នុងកម្មវិធីបិទកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រកាសជាផ្លូវការថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញវីដេអូរយៈពេលបីនាទី ស្ដីពីការប្ដេជ្ញា និងការត្រៀមខ្លួនរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ។ វីដេអូនេះ បានទទួលការសារទរយ៉ាងខ្លាំង ពីសំណាក់រដ្ឋមន្រ្តី ការបរទេសអាស៊ី-អឺរ៉ុប និងអ្នកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុបលើកទី១៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គប្រជុំផងដែរថា កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន ០៧ រួមមាន (១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (២) វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប (៣) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប (៤) វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប (៥) វេទិកាការងារអាស៊ី-អឺរ៉ុប (៦) វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង (៧) មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។ ជាកិច្ចបញ្ចប់ អង្គប្រជុំទាំងមូល សំដែងការសារទរ និងរង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញ។
នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុបលើកទី១៤ នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីជាដៃគូ ASEM មួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានយកឱកាសដើម្បីបង្ហាញអំពីសមិទ្ធផលសង្គមសេដ្ឋកិច្ចនានា និងការវិវឌ្ឍនយោបាយរបស់កម្ពុជា។ កិច្ចប្រជុំក៏បានផ្តោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួមផងដែរ។ ខាងក្រោមនេះគឺជាឥស្សរជនដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានទទួលជួប៖
ឯកឧត្តម Joseph Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម Motegi Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន
លោកជំទាវ Margarita Robles រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស កិច្ចការសហភាពអឺរ៉ុប និងសហប្រតិបត្តិការរបស់អេស្ប៉ាញ ឯកឧត្តម Alexander Schallenberg រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអូទ្រីសនិងឯកឧត្តម Shri V. Muraleedharan រដ្ឋមន្រ្តីរដ្ឋទទួលបន្ទុកកិច្ចការបរទេសនៃសាធារណរដ្ឋឥណ្ឌា៕