ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការផ្តល់ឧបករណ៍ ដៃ ជើង សប្បនិម្មិតជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណមណ្ឌលការិយាល័យតំណាងរាស្ត្រខេត្តព្រះវិហារ ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការផ្តល់ឧបករណ៍ ដៃ ជើង សប្បនិម្មិតជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត អភិបាលក្រុង/ស្រុក ទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងយុវជន ស.ស.យ.ក សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ជាជនពិការជាច្រើននាក់ទៀត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា និង លោកជំទាវ ក៏បានផ្តល់ជាអំណោយដល់ប្រជាជពលរដ្ឋជាជនពិការទាំង ៧៨នាក់ ដោយម្នាក់ៗទទួលបាន ទឹកក្រូចមួយកេះ ថវិកា ៤ម៉ឺនរៀល និងជូនយុវជនស.ស.យ.ក ខេត្ត ក្នុងម្នាក់ៗទទួលបានទឹកក្រូចមួយកេះផងដែរ ។

សូមមបញ្ជាក់ផងដែរថា យុទ្ធនាការខាងលើនេះមានការ ឧបត្ថម្ភគាំទ្រដោយ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យមកពីសកលវិទ្យាល័យ Mercer សហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យមកពីសមាគមន៍ក្រុមប្រឹក្សាសុខភាព ប្រជាជន ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានបងប្អូនប្រជាពលរដ្ឋជាជនពិការមកពីក្រុង/ស្រុកទាំង៨ បានចំនួន ៧៨នាក់ ក្នុងនោះពិការដៃចំនួន ៧ នាក់៕ ប្រភព៖ មន្ទីព័ត៌មានខេត្តព្រះវិហារ