វៀតណាមលើកឡើងនូវសំណើមួយចំនួន​ ដើម្បីជួយដល់ ASEM ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ — ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក ផាមប៊ិញ មិញ (Pham Binh Minh) បានលើកឡើងនូវសំណើមួយចំនួន ដើម្បីជួយកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) បង្កើនតួនាទី​របស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ខណៈពេលថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស ASEM លើកទី១៤ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃទី១៦ ខែធ្នូ។

កិច្ចប្រជុំនេះ បានប្រមូលផ្តុំនូវរដ្ឋមន្ត្រីការបរទេស និងមន្រ្តីនៃសមាជិកអាស៊ាន ៥៣រូប​ ដែលរួមមាន៖ ប្រទេសអាស៊ីចំនួន២១ និងអឺរ៉ុបចំនួន៣០ប្រទេស សហភាពអឺរ៉ុប និងលេខា​ធិការដ្ឋានអាស៊ាន។

ក្នុងពិធីបើកសន្និសីទនេះ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការ​បរទេស ​និងគោលនយោបាយសន្តិសុខលោក Josep Borrell បានលើកឡើងពីតួនាទីរបស់ ASEM ខណៈជាយន្តការកិច្ចសហ-ប្រតិបត្តិការ ដែលមានសារៈសំខាន់ឈានមុខគេ​រវាង​ទ្វីបទាំងពីរ ដោយបាននាំមុខក្នុងការជំរុញពហុភាគីនិយម និងសណ្តាប់ធ្នាប់ផ្អែកលើ​ច្បាប់អន្តរជាតិ និងចូលរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

តាមលោកបានឱ្យដឹងថា ប្រធានបទដែលមានឈ្មោះថា « អាស៊ី និងអឺរ៉ុប » គឺរួមគ្នា ដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដោយព្រឹត្តិការណ៍នេះនឹងអនុវត្តន៍នូវវិធានការ​ជាក់​ស្តែង​ ដើម្បីបន្តពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងសសរស្តម្ភទាំងបី នៃកិច្ចពិភាក្សា​នយោ​បាយ​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេង​ទៀត។

ស្តេចអេស្បាញ ព្រះអង្គម្ចាស់ Felipe VI បានមានប្រសាសន៍ថា ASEM ត្រូវការធ្វើ​កំណែ​ទម្រង់ កែលម្អប្រសិទ្ធភាពឆ្លើយតបរបស់ខ្លួន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ​ និងរក្សាតម្លៃស្នូល ព្រមទាំងគោលការណ៍គ្រឹះរបស់ខ្លួន ដោយហេតុនេះបានបញ្ជាក់ពីតួនាទី ​ដែលមិនអាចខ្វះបាននៅក្នុងបរិបទផ្លាស់ ប្តូរយ៉ាងឆាប់រហ័សនេះ។

នៅក្នុងសម័យប្រជុំពេញអង្គ បន្ទាប់ពីពិធីបើក បណ្តារដ្ឋមន្រ្តីដែលបានចូលរួម បាន​ចែក​​រំលែក ទស្សនៈថា ASEM គួរតែដើរតួនាទីរបស់ខ្លួន ក្នុងការជំរុញពហុភាគី ការបង្រួប​បង្រួម​​ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី នឹងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

អង្គប្រជុំក៏បានឯកភាពលើវិធានការណ៍ជាច្រើនផងដែរ ដើម្បីលើកកម្ពស់កិច្ចសហប្រតិ​បត្តិការ​ASEM ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដែលកំពុងកើនឡើង ​ជាពិសេសការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង ថាមពល ធនធានទឹក និងកាកសំណល់ប្លាស្ទិកសមុទ្រជាដើម។

លោកបានស្នើឱ្យមានកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពីការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់​ស្ត្រី​ក្នុងយុគសម័យឌីជីថល ដែលត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។ សមាជិក ASEM ជាច្រើនរួមមាន៖​ អូស្រ្តាលី ចិន ដាណឺម៉ាក​ ហ្វាំងឡង់ ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន និង ន័រវែស បានគាំទ្រគំនិតផ្តួចផ្តើមនេះ។

នៅក្នុងសុន្ទរកថារបស់លោក លោក ​មិញ ក៏បានកត់សម្គាល់ផងដែរថា​ ក្នុងឋានៈជា​ស​មា​ជិក​មិន​អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២០-២០២១ និង​ជាប្រធានអាស៊ាននាឆ្នាំ២០២០ខាងមុខនេះ វៀតណាមនឹងបន្តរួមដៃគ្នាជាមួយសមាជិក ASEM ផ្សេងទៀត ដើម្បីពង្រឹងភាពរឹងមាំនៃប្រព័ន្ធពហុភាគី និងជំរុញភាពជាដៃគូ ASEM ក្នុងបញ្ហាសកល ដើម្បីផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង​តំបន់​ទាំងពីរ និងពិភពលោក៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)