លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា១ខ្នងទៀត ជូនដល់លោកយាយទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា និងជាអគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន រួមទាំងក្រុមការងារសប្បុរសធម៌ បានអញ្ជើញមកទៅប្រគល់ផ្ទះទេវតា១ខ្នងទៀត ជូនដល់លោកយាយ វ៉ែន សំបូរ អាយុ៧០ ឆ្នាំរស់នៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ពិធីប្រគល់ផ្ទះនេះក៏មានការចូលរួមពីអភិបាលក្រុងព្រៃវែង និងអាជ្ញាធរសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែងមួយចំនួនទៀត។

លោកយាយ វ៉ែន សំបូរ គឺជាស្ត្រីមេម៉ាយដោយស្វាមីរបស់លោកយាយបានស្លាប់ចោលលោកយាយតាំងពីសម័យរបប ប៉ុល ពត មកម្លេះ ដោយសព្វថ្ងៃលោកយាយរស់នៅជាមួយកូនប្រុសម្នាក់ដោយមានសតិមិនគ្រប់គ្រាន់ និងរស់នៅដោយគ្មានទ្រព្យសម្បត្តិអ្វីជាទីពឹងនោះទេ។ អំណោយផ្ទះទេវតាផ្តល់ជូនលោកនាព្រឹកនេះ គឺជាអំណោយរបស់លោកឧកញ៉ា តេង ឡាយ និងលោកជំទាវ នាង ខេង តាមរយៈកម្មវិធីផ្ទះទេវតា។

នៅឱកាសពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ
សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

​ភ្ជាប់ជាមួយពិធីប្រគល់ផ្ទះនេះ លោកជំទាវ ហ៊ុន ម៉ាណា និងសប្បុរសជន ក៏បានផ្តល់នូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតាខាងលើនេះ ដែលអំណោយរួមមាន សំលៀកបំពាក់ មនុស្សចាស់ សារុង ក្រមារ ថ្នាំពេទ្យ សម្ភារសិក្សា, នំកញ្ចប់, ថវិកាមួយចំនួន និងរទេះរុញសំរាប់ជនពិការចំនួន០៥គ្រឿង៕ ដោយ៖ សហការី