ក្រុមការងារស.ស.យ.កខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ចុះសួរសុខទុក្ខ អតីតៈបុគ្គលិកអង្គការណូម៉ាត កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

(មណ្ឌលគិរី)៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរក្រុងសែនមនោរម្យ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអង្ករ ៥០គីឡូក្រាម និងថវិកា ៥១០.០០០រៀល ផ្តល់ជូនលោក សាប ចន ជនជាតិព្នង អតីតៈបុគ្គលិកបម្រើការងារក្នុងអង្គការណូម៉ាត ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ នៅភូមិពូតាំង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ណយ ចន្ទតារា អនុប្រធានស.ស.យ.កខេត្ត បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាល លោកតែងតែណែនាំដល់សមាជិក សមាជិកាទាំងអស់ ត្រូវចុះសួរសុទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗនៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្នាកាយនយោបាយអ្វីឡើយ។

លោក បានបញ្ជាក់ថា ថវិកានេះ គឺបានមកពីឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ឋសភាភូមិភាគ៨ និងសមាជិក សមាជិកាស.ស.យ.កខេត្ត/ក្រុង/សង្កាត់ ដើម្បីជាការចូលរួមចំណែកជួយដោះស្រាយលើថ្នាំពេទ្យបានមួយកម្រិត។

លោក ណយ ចន្ទតារា និងក្រុមការងារទាំងអស់ ក៏បានជូនពរដល់លោក សាប ចន ឲ្យឆាប់ជាសះស្បើយឡើងវិញ ដើម្បីជួយកិច្ចការងារដល់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ៕