ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង ស្តីពីកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពីកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២០ ដែលនឹងត្រូវចាប់ផ្តើមប្រលងក្នុងពេលឆាប់ៗនេះ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា បទចម្រៀងថ្មីៗបង្កប់ដោយខ្លឹមសារអប់រំរាប់សិបបទ តាមរយៈការតាក់តែងនិពន្ធរបស់ប្អូនៗ កុមារា-កុមារី-លោកគ្រូ-មាតាបីតាសិស្ស នឹងត្រូវផុសចេញពីសម្លេងរបស់ប្អូនកុមារនៅលើឆាកតន្ត្រីវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២០។

សេចក្តីជូនដំណឹងដដែលនោះបានអំពាវនាវដល់ប្អូៗកុមារាកុមារីរូបណា ដែលមានជំនឿចិត្តលើទេពកោសល្យ ភាពប៉ិនប្រសព្វ ទឹកដមសម្លេងពិរោះនោះ អញ្ជើញធ្វើកការទំនាក់ទំនងមកដាក់ពាក្យប្រលង នៅក្រសួងព័ត៌មានតាមរយៈទូរស័ព្ទលេខ ០១១ ២៤២ ៥១៩/ ០៩៦៣ ៣៨០ ១៧៨។

ដោយឡែកលក្ខខ័ណ្ឌនៃការចូលរួមប្រលងវិញគឺ ប្អូនៗត្រូវមានអាយុចាប់ពី ៨ឆ្នាំ ដល់១៣ឆ្នាំ  និងត្រូវនិពន្ធបទចម្រៀងថ្មីចំនួន២បទ ដោយអត្ថន័យផ្តោតទៅលើ សុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរព ឪពុក-ម្តាយ-ចាស់ទុំព្រឹទ្ធចារ្យ ស្រលាញ់ការសិក្សា ស្រលាញ់បរិស្ថាន ការគោរពច្បាប់ចរាចរណ៍ និងការចៀសឆ្ងាយពីគ្រឿងញៀន ជាដើម។

សេចក្តីជូនដំណឹងខាងលើនោះ បានអំពាវនាវដល់ មាតា-បីតា អាណាព្យាបាល-លោកគ្រូអ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ជួយជម្រុញកុមារា-កុមារី មានភាពក្លាហ៊ានក្នុងការទទួលយកការអប់រំតាមរយៈសិល្បៈចម្រៀងដើម្បីបណ្តុះផ្នត់គំនិតកុមារឲ្យមានសេចក្តីក្លាហ៊ាន ទទួលយកនៅសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន, សិទ្ធិអភិវឌ្ឈន៍, សិទ្ធិទទួលបានការការពារ និងសិទ្ធិនៅក្នុងការចូលរួម៕ ដោយ៖ ចំណាន