សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្វខួប៥ឆ្នាំ ជាមួយការ ចែកចាយសៀវភៅសរសេរដែលមានភ្ជាប់នូវយុទ្ធសាស្រ្ត3Cs ជាចក្ខុវិស័យនៃ អនាគតកម្ពុជា

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួប៥ឆ្នាំនៃថ្ងៃបង្កើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់បច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស័យសុខាភិបាលនៅកម្ពុជា និងជាពិសេសគឺការបង្ខិតសេវាសុខាភិបាលឲ្យ ដល់ផ្ទះប្រជាពលរដ្ឋក្រោម ទស្សនវិស័យធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ជាប្រជាពលរដ្ឋមានសុខភាពល្អ និង កម្លាំងពលំមាំមួន ជាមួយនិងបេសកកម្ម បម្រើប្រជាពលរដ្ឋគ្រប់រូប ដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយឡើយ ។


ក្នុងរយៈពេល៥ឆ្នាំនេះ សមិទ្ធផលសំខាន់ៗជាច្រើនបានកើតមានឡើងដោយ ការខិតខំប្រឹងប្រែង និងពលិកម្មខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់រូបក្រោមស្មារតីជឿថាខ្មែរអាចធ្វើបាន។
នៅក្នុងឱកាសនៃការប្រារព្វខួប៥ឆ្នាំរបស់ខ្លួន សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាន ចុះពិនិត្យ និងព្យាបាលជំងឺជូនកុមារកំព្រា និងកុមារទុរគតចំនួន៣១៥នាក់ នៅអង្គការផ្ទះបាយកុមារ ដោយមានការចែកជូននូវនំស្រួយលីលីចំនួន ២៥កេស មីចំនួន២០កេស ទឹកសុទ្ធ២០កេស ជាពិសេសគឺការចែកជូននូវ សៀវភៅសរសេរចំនួន១២០២ក្បាលដែលមានរូបថតសហស្ថាបនិកទាំង២រូបគឺ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធ គ្រូពេទ្យ ស.ស.យ.ក នៅផ្នែកខាងមុខ និងយុទ្ធសាស្រ្ត 3Cs ដែលជាចក្ខុវិស័យ សម្រាប់អនាគតកម្ពុជា ។

សូមជម្រាបជូនថា 3Cs ត្រូវបានបង្កើតឡើង ក្រោមទស្សនវិស័យដ៏វែងឆ្ងាយរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ក្នុងគោលដៅដើម្បីបណ្តុះគំនិតកូនខ្មែរឲ្យបានយល់ច្បាស់ នូវដំណើរនៃពង្សាវតារ ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកជោគវាសនាតែមួយ បំណងប្រាថ្នារួម និងសក្តានុពលប្រជាជាតិ ដោយមានធាតុចូលសំខាន់ៗចំនួន ៣គឺ (C1= Cambodianess ប្រជាជនខ្មែរតែមួយ ដែលមានកាតព្វកិច្ចត្រូវ ការពារព្រលឹងជាតិ រក្សាអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្រ្ត )(C2=Competency ប្រជាជនប្រកបដោយសមត្ថភាព ជាប្រជាជនដែលត្រូវទទួលយកនូវការអប់រំពេញមួយជីវិត អភិវឌ្ឍទេពកោសល្យ និងជំនាញប្រចាំជីវិត ព្រមទាំងពង្រីកគំនិតច្នៃប្រឌិត នវានុវត្តន៍ និងការប្រកួតប្រជែង) និងធាតុចូលទី៣ (C3=Compassionate គឺប្រជាជនពោរពេញដោយធម៌ ជាប្រជាជនដែលត្រូវប្រកាន់ខ្ជាប់គុណធម៌ ព្រហ្មវិហារធម៌ សន្តោសប្រណី និងសាមគ្គីធម៌ ព្រមជាមួយនិងការកសាងនូវ ឥរិយាបទវិជ្ជមាន និងការលើកតម្កើងគុណតម្លៃគ្រួសារ និងសង្គម។