សម្តេចតេជោ ហ៊ុន សែន៖ ត្រឹម៣ចំណុច នៃនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យកម្ពុជារួបរួមគ្នាជាង២០ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសសម្ពោធ« អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចតេជោ បានលើកយកដំណើរការនៃការធ្វើនយោបាយឈ្នះ-ឈ្នះ ឈានទៅដល់ដាក់ចេញនូវនយោបាយចុងក្រោយ៣ចំណុច ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាទាំងស្រុង។

ចំណុចទាំង៣ដែលសម្តេចបានលើកឡើងក្នុងឱកាសនោះមាន៖ ទី១ គឺធានាជីវិត និងរូបកាយ អត់ត្រូវបានសម្លាប់ ឬក៏ត្រូវធ្វើទារុណកម្ម ទី២)ធានាអាជីព និងមុខរបរ និងទី៣)ទទួលស្គាល់កម្មសិទ្ធិ
លើអចលនទ្រព្យ និងចលនទ្រព្យ។ សម្តេចបានសង្កត់ធ្ងន់ឲ្យដឹងថា ត្រឹម៣ចំណុចនេះ ទីបំផុតប្រទេសកម្ពុជាបានរួបរួមគ្នាជាង២០ឆ្នាំហើយ។ ជាមួយគ្នានេះដែរ សម្តេចបានរម្លឹកថា មុនចរចា សម្តេចត្រូវប្រជុំថ្នាក់ដឹកនាំរៀបចំគ្រប់យ៉ាង ហើយត្រឡប់មកវិញ គឺត្រូវរាយការណ៍ និងត្រូវជួបមន្ត្រីដើម្បីពន្យល់។ សម្តេចបានបន្តថា សភាពការណ៍មិនធម្មតាទេ ពាក្យថា ចរចាផង វៃផងនោះ។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដើម្បីអាចដាក់ចេញបាននូវគោលនយោបាយឈ្នះ-ឈ្នះ សម្ដេចត្រូវធ្វើការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ រហូតដល់សម្តេចត្រូវចូលទៅពន្ធនាគារ ដើម្បីសួរទ័ពព្រៃដែលត្រូវចាប់បានទៀតផង ដើម្បីសិក្សាពីគេថា ពួកគេចង់បានអ្វី៕ ដោយ៖ មុនិន្ទ