សម្តេចតេជោ៖ យើងបានត្រៀមខ្លួនជាស្រេច ចំពោះបញ្ហា EBA

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចបានលើឡើងពីបញ្ហាមួយចំនួនទាក់ទងនឹង EBA។

សម្តេចបានលើកឡើងដូច្នេះថា «បើគេដក EBA គេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ ព្រោះអាហ្នឹង វាគង់តែបាត់ដដែលនោះ បើគេមិនអនុគ្រោះលើយើងហើយ។ សម្តេចបញ្ជាក់ថា បាត់ផ្សារ និងបាត់ EBA វាខុសគ្នា។ EBA នៅពេលណាមួយ គង់តែបាត់ទេ នៅពេលដែលសេដ្ឋកិច្ចយើងកើនឡើង។ សម្តេចបានឲ្យដឹងទៀត យើងបានត្រៀមខ្លួនតាំងពីខែមីនាឯណោះ»។

សម្តេចបានបន្តថា មាន EBA ឬគ្មាន ខុសគ្នាត្រង់ថា បើគេឲ្យបង់ពន្ធ យើងបង់ឲ្យគេទៅ គ្រាន់តែពីមុន វាចំណេញច្រើន ឥឡូវវាចំណេញតិច ប៉ុន្តែវានៅតែចំណេញ ហើយក៏ថ្លៃថ្នូរដែរ ហើយគេមិនយកបញ្ហាហ្នឹងមកគំរាមយើងទៀតទេ។ ក្នុងន័យនេះ សម្តេចបានសង្កត់ធ្ងន់ឲ្យដឹងថា យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយទេ៕ ដោយ៖ មុនិន្ទ