គណបក្សប្រជាជនកម្ពុជា ផ្ញើសាររំលែកព្រះមរណទុក្ខ ចំពោះការសោយព្រះទិវង្គតរបស់ សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសារលិខិតរំលែក ព្រះមរណទុក្ខ នូវក្តីក្រៀមក្រំ ក្តុកក្តួល និងសោកស្តាយជាអនេកប្បការ ចំពោះការសោយទិវង្គតរបស់ សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សា ធម្មនុញ្ញ កាលពីថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

នៅក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់គណបក្សប្រជាជនកម្ពុជា ថា “ការបាត់បង់ សម្តេចព្រះរាជបុត្រី​ព្រះរៀម គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គ ពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ និងជាការ​បាត់បង់ឥស្សរជន ខ្មែរដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពេញលេញមួយព្រះជន្ម ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍន៍សិល្បៈ វប្បធម៌ប្រពៃណីជាតិខ្មែរ។”

ក្នុងសារលិខិត រំលែកព្រះមរណទុក្ខ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្តេចព្រះរាជបុត្រីព្រះរៀម ក៏ធ្លាប់បានបំពេញតួនាទីជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាជិកាព្រឹទ្ធសភា ផងដែរ។

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការសោកស្តាយអាឡោះអាល័យ ជាទីបំផុត និងសូមក្រោបបង្គំចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់។

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួង ព្រះវិញ្ញាណក្ខ័ន្ធរបស់ សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមបានយាងក្នុងឋានព្រះបរមសុខ ជានិច្ចនិរន្តន៍តរៀងទៅ៕ (សម្រួលដោយ៖ កុសល)