សម្តេចតេជោ៖ បរទេសខ្លះ តាំងខ្លួនជាប្រទេសប្រជាធិតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារយោធា និងការរំលោទសិទ្ធិមនុស្សទៅវិញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា បរទេសខ្លះ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែ បែរជាគាំទ្ររដ្ឋប្រហារយោធា ឲ្យពួកកាប់សម្លាប់មនុស្ស រំលោភសិទ្ធិមនុស្ស និងប្រល័យពូជសាសន៍ អង្គុយនៅអង្គការសហប្រជាជាតិទៅវិញ។ សម្តេចបានថ្លែងលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវិមានសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា »បន្ថែមលើនោះ យើងខ្ញុំត្រូវទទួលទណ្ឌកម្ម ដ៏អយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួន
រាប់ទាំងប្រទេស ដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យថែមទៀត ដែលគាំទ្រឲ្យពួកប្រល័យ ប្រល័យពូជសាសន៍ប៉ុល ពត
បានអង្គុយនៅអង្គការសហប្រជាជាតិពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩១»។

សម្តេចបានកត់សម្គាល់ថា រឿងនេះ គឺជារឿងបទពិសោធន៍មិនគ្រាន់តែកម្ពុជាទេ ក៏ប៉ុន្តែពិភពលោក គួរតែត្រូវស្វែងយល់ឲ្យបានច្បាស់
អំពីឥរិយាបថរបស់ខ្លួន នៅក្នុងទំនាក់ទំនងជាមួយនឹងប្រទេសដទៃ ដែលខ្លួនបានប្រព្រឹត្តទៅលើប្រទេសទាំងនោះ ហើយក្នុងនោះដែរ កម្ពុជាធ្លាប់ជួបប្រទះរួចហើយ។ សម្តេចសង្ឃឹមថា បទពិសោធន៍នៅកម្ពុជា គឺជាមេរៀនមួយ ដែលមិនគ្រាន់តែប្រជាជនកម្ពុជាខ្លួនឯង
ត្រូវរៀនសូត្រទេ ក៏ប៉ុន្តែ កិច្ចការនយោបាយការបរទេសរបស់ប្រទេសមួយចំនួនសម្រាប់ឥរិយាបថ ចំពោះប្រទេសដទៃទៀតគួរតែត្រូវបាន
ដកពិសោធន៍ផងដែរ៕ ដោយ៖ មុនិន្ទ