សម្តេចតេជោ ហ៊ុន សែន ​៖ មិនអាចឲ្យបុគ្គលណាមួយ ឬក្រុមណាមួយ មកបំផ្លាញសុខសន្តិភាពរបស់ប្រទេសបានទេ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ថា មិនអាចឱ្យបុគ្គលណាមួយ ឬក្រុមណាមួយមកបំផ្លាញទេ ហើយក៏មិនអាចឱ្យប្រទេសណាមួយ មកជ្រៀកជ្រែក ដើម្បីបំផ្លាញសន្តិភាព របស់ប្រទេសនេះបានដែរ ។ ការថ្លែងនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កុំសង្ឃឹម ពេលដែលអត់មានសន្តិភាពហើយ កុំសង្ឃឹមថានឹងទទួលបានអ្វីផ្សេង ក្រៅពីការស្លាប់ និងរបួស និងវិនាសអន្តរាយ អញ្ចឹងទេ យើងដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសន្តិភាពដែលយើងរកបានដោយលំបាក មិនអាចឱ្យបុគ្គលណាមួយ ឬក្រុមណាមួយមកបំផ្លាញទេ ហើយក៏មិនអាចឱ្យប្រទេសណាមួយ មកជ្រៀកជ្រែក ដើម្បីបំផ្លាញសន្តិភាព របស់ប្រទេសនេះបានដែរ»

សម្តេចតេជោ បានបន្តថា «អតីតកាលឈឺចាប់របស់យើង ជាមេរៀនផ្តល់ឱ្យយើង … ជាមេរៀនផ្តល់ឱ្យយើងការមិនចុះសម្រុងគ្នាខាងនយោបាយណាមួយ នោះជាទិដ្ឋាភាព នៃស្ថានភាពពហុបក្ស ប៉ុន្តែបើអ្នកឯងយកស្ថានភាពហឹង្សា យកមកដោះស្រាយបញ្ហា អ្នកឯងត្រូវប្រឈមចំពោះមុខច្បាប់ … ចំពោះមុខច្បាប់ យើងមិនអាចអត់ឱនបានក្រោមហេតុផលដែលអ្នកឯងប្រើហឹង្សា តាមបែប.. គេហៅថា .. ប្រើហឹង្សាហើយ វាទៅជាសន្តិវិធី ប្រកាសឱ្យកងទ័ពបាញ់រដ្ឋាភិបាល ប៉ុន្តែថាអាហ្នឹង សន្តិវិធី ហើយវាទៅចេះ! »

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្តទៀតថា « វាមិនដែលអាណា ចូលដល់ថ្នាក់អំពាវនាវឱ្យ កងទ័ព ហើយរកលុយចិញ្ចឹមកងទ័ពទៅជាតំបន់ គេហៅថា កម្លាំងប្រដាប់អាវុធ ដើម្បីធ្វើការតស៊ូប៉ុន្តែសន្តិវិធី និយាយនេះវាផ្ទុយគ្នា គឺថាបាយបណ្ឌិ ទៅជាបាយបាត អញ្ចឹងទេ រដ្ឋាភិបាលអត់មាន អត់មានជម្រើសណាផ្សេង ក្រៅពីធានា ធ្វើម៉េចធានា ដោយតម្លៃណាក៏ដោយ ភាសាដោយតម្លៃណាក៏ដោយ …. ភាសានេះគេអាចយល់បានដោយតម្លៃណាក៏ដោយ ត្រូវការពារប្រជាពលរដ្ឋឱ្យបានសិន !ជៀសវាង ការស្លាប់ការខូចខាត ធ្វើឱ្យចលាចលក្នុងប្រទេស»

ដោយ៖ ខៀវ យុទ្ធវង្ស