តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងចេញនៅក្នុងឆ្នាំ២០២០ខាងមុខ

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។​ នៅក្នុងឱកាសនោះដែរ សម្តេចបានប្រកាសឲ្យដឹងថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងចេញនៅក្នុងឆ្នាំ២០២០ ខាងមុខ។

ជាមួយគ្នានេះ សម្តេចមិនទាន់បញ្ជាក់នូវការបរិច្ឆេទពិតប្រាកដនៃតំណក់ប្រេងដំបូងនោះទេ។ សម្តេចនឹងប្រកាសនៅពេលក្រោយទៀត បន្ទាប់ពីធ្វើការជាមួយក្រុមហ៊ុន ដែលកំពុងតែកសាងយ៉ាងមមាញឹកសម្រាប់ការបូមប្រេងដំបូងរបស់យើង។ លើសពីនេះទៀត សម្តេចបានឲ្យដឹងទៀតថា «យើងមិនទាន់ប្រើប្រាស់ធនធានធម្មជាតិរបស់យើងទេ ជាប្រេង ជាឧស្ម័ន ជាធ្យូងថ្ម ឥឡូវធ្យូងថ្ម យើងរកឃើញ។ យើងធ្វើអគ្គិសនី នៅកន្លែងហ្នុងតែម្តង ដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យធ្វើ ផលិតអគ្គិសនី នៅកន្លែងហ្នុងតែម្តង»។

ក្នុងនោះដែរ សម្តេចក៏បានលើកឡើងអំពីរ៉ែមាស ដែលសម្តេចបានសម្រេចថា នឹងធ្វើអាជីវកម្ម ក្នុងខ្នាតមួយដែលមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី។ ប៉ុន្តែអ្វីដែលសម្តេចរំពឹងធំជាងគេ​គឺ រំពឹងទៅលើប្រេង ដែលអាចនឹងមាននៅពេលខាងមុខ៕ ដោយ៖ ចំណាន