ខណៈពេលនេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានកំពុងធ្វើការផ្សាយបន្តផ្ទាល់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង» នៅខេត្តកំពត

(កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ TV APPs, Facebook Page និង Channel YouTube ក្រសួងព័ត៌មានកំពុងធ្វើការផ្សាយបន្តផ្ទាល់ពិសេសពីទូរស្សន៍ជាតិកម្ពុជានូវពិធីសម្ពោធរោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង» ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះធ្វើឡើងនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

សូមបញ្ជាក់ផងដែរថា រោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតាបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។

រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ហើយ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុងមួយឆ្នាំ៕