ឯកឧត្តមនេត្រ ភក្ត្រា៖ សកម្មភាពសម្អាតអនាម័យបរិស្ថានដែលបងប្អូនជាយុវជនស្ម័គ្រចិត្តបានចូលរួមធ្វើជាសកម្មភាពដ៏មានតម្លៃសម្រាប់ការអប់រំបរិស្ថាននិងការប្រតិបត្តិមេត្រីភាពបរិស្ថានល្អក៏ដូចជាការបញ្ជ្រាបចំណេះដឹងនិងការគ្រប់គ្រងសំណល់រឹងសំរាមដល់សាធារណជន

(ភ្នំពេញ)៖ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានធ្វើឡើងនៅចំពោះមុខក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរយនាក់ដែលបានលះបង់ពេលវេលានិងកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនក្នុងចូលរួមសហការជាមួយកម្លាំងយុវជនស្ម័គ្រចិត្តជាច្រើនទៀតក្នុងការសម្អាតអនាម័យបរិស្ថាននៅក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក្នុងគោលបំណងធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាតនិងមានបរិស្ថានល្អ។បរិស្ថានស្អាតក្នុងរយៈពេលថ្ងៃកន្លងមកនេះដោយសារតែមានក្រុមអ្នកសម្អាតអនាម័យបរិស្ថានផ្ទាល់សកម្មខ្លាំងមានក្រុមយុវជនស្ម័គ្រចិត្តជាច្រើនចូលរួមនិងការកែប្រែឥរិយាបថងរបស់ប្រជាពលរដ្ឋទុកដាក់សំរាមបានត្រឹមត្រូវទុកដាក់ក្នុងធុងសំរាមដែលបានដាក់ពង្រាយនៅតាមទីតាំងនានា។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តទៀតថា៖«សកម្មភាពរបស់ប្អូននឹងបន្សល់ទុកនូវការចងចាំសម្រាប់ពលរដ្ឋខ្មែរបានបន្សល់នូវការគោរពស្រឡាញ់បរិស្ថានក្នុងក្រអៅបេះដូងរបស់មនុស្សរាប់ម៉ឺនសែននាក់ដែលបានឃើញប្អូនៗសម្អាតអនាម័យបរិស្ថាននៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក»

ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់ជាពិសេសយុវជនស្ម័គ្រចិត្តដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តចូលរួមក្នុសកម្មភាពសម្អាតអនាម័យបរិស្ថាន។អនាម័យបរិស្ថាននៅក្នុងបរិវេណនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនៅក្នុងរយៈពេលថ្ងៃមកនេះត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថានអះអាងថាសម្អាតបានយ៉ាងស្អាតមានបរិស្ថានល្អហើយប្រជាពលរដ្ឋខ្មែរដែលបានចូលរួមក្នុងទស្សនាក៏បានចូលរួមទុកដាក់សំរាមក្នុងធុងបានល្អដែរ។

សូមបញ្ជាក់ថានៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនៅឆ្នាំ២០១៩នេះអ្នកសម្អាតនឹងប្រមូលសំរាមផ្ទាល់មានចំនួន៩០០នាក់ដែលក្នុងនោះអ្នកប្រមូលសំរាមមកពីក្រុមហ៊ុនECO AD មានចំនួន៨៦នាក់ក្រុមហ៊ុនស៊ិនទ្រីមានចំនួន៥១៤នាក់មកពីមន្ទីរសាធារណៈការ៣០០នាក់។

ចំណែក្រុមអប់រំផ្សព្វផ្សាយនិងចូលរួមសម្អាតអនាម័យបរិស្ថានមានចំនួន១១៣០នាក់ក្នុងនោះមានយុវជន...មន្ទីរបរិស្ថានមន្ទីរទេសចរណ៍មន្ទីរអប់រំយុវជននិងកីឡាទីចាត់ការគ្រប់គ្រងសំណល់និងបរិស្ថានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្លាំងសណ្ដាប់ធ្នាប់របស់រដ្ឋបាលខណ្ឌដូនពេញយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាសហការជាមួយក្រសួងបរិស្ថាន។

សាលារាជធានីភ្នំពេញក៏បានដាក់ពង្រាយធុងសំរាមនិងកញ្ឆេរជាង២០០០នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមរបស់ខ្លួន។ក្នុងការចូលរួមសម្អាតអនាម័យបរិស្ថានក្រុមអ្នកសម្អាតផ្ទាល់និងក្រុមអ្នកផ្សព្វផ្សាយបានចុះនៅតាមទិសដៅសំខាន់ៗក្នុងនោះទី១)ទីតាំងចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់មុខព្រះបរមរាជវាំងទី២) ចាប់ពីសួនវត្តលង្ការហូតដល់ក្រសួងបរិស្ថានទី៣) ចាប់ពីរង្វង់មូលសម្ដេចសង្ឃជួនណាតរហូតដល់ព្រះបរមរាជវាំងទី៤)ផ្នែកត្រើខាងកើតស្ពានជ្រោយចង្វារដែលពិនិត្យចាប់ពីសួនច្បារព្រះនាងបញ្ញាបារមីទៅសណ្ឋាគារសុខានិងចាប់ពីសួនព្រះនាងប្រាជ្ញាបារមីទៅកន្លែងកីឡាករអុំទូកស្នាក់នៅ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងទៀតថាដើម្បីកុំឱ្យសំរាមកកស្ទះក្រុមយុវជនស្ម័គ្រចិត្តមួយចំនួនបានដើរបារសំរាមពីធុងនិងវេចខ្ទប់ទុកដាក់ត្រឹមត្រូវដើម្បីងាយស្រួលក្នុងការប្រមូលសំរាម។

ជាមួយគ្នានេះឯកឧត្តមនេត្រភក្ត្រាបានលើកទឹកចិត្តក្រុមយុវជនបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ជ្រាបចំណេះដឹងអំពីបរិស្ថានជាពិសសការគ្រប់គ្រងសំណល់សំរាមដល់បងប្អូនប្រជាពលរដ្ឋដែលមកដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។

រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកសូមទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវកុំបោះសំរាមពាសវាលពាសកាលគឺត្រូវដាក់ក្នុងធុងសំរាម៕ដោយ៖ចំណាន