វិភាគ​៖ “៩ វិច្ឆិកា ប្រហារ​ផែនការ ម្រាម ៩ របស់ សម រង្ស៊ី​! “

(ភ្នំពេញ)៖ ​ថ្ងៃទី ៩ វិច្ឆិកា អាចហៅថាជា​ថ្ងៃ​ប្រហារជីវិត​នយោបាយ​របស់លោក សម រង្ស៊ី ឲ្យ​ចប់សព្វគ្រប់​ជា​ស្ថាពរ​។ យុទ្ធនាការ​ម្រាម ៩ ក៏ត្រូវ​ផុតរលត់​ត្រឹម​នេះដែរ​។ ពី​ពេលនេះ​ទៅ ឆាកនយោបាយ​កម្ពុជា​បាន​ផាត់​សម រង្ស៊ី ចេញពី បញ្ជី​ហើយដោយ​ត្រូវ​បើក​នូវ​ទំព័រ​ថ្មី​វិញ​ម្តង​។ មិន​ត្រឹមតែ​ត្រូវ​លុបឈ្មោះ​លោក សម រង្ស៊ី ចេញពី​ឆាកនយោបាយ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​របៀប​ធ្វើ​នយោបាយ តាមបែប​លោក សម រង្ស៊ី ក៏ត្រូវ​ផ្លាស់ប្តូ​រដែរ​ពីព្រោះ​វា​ហួស សម័យ​និង​អស់​តម្លៃ​ទៀតហើយ សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ។ ហេតុអ្វី​បានជា​យ៉ាង​ដូច្នេះ​?

​មាន​ហេតុផល​សត្យានុម័ត​​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​ដែល​អាច​បញ្ជាក់បាន​ថា ឆាក ​នយោបាយ​កម្ពុជា​ចាំបាច់​ត្រូវ​បិទ​ទំព័រ​លោក សម រង្ស៊ី ចោល​ដោយ​ជំនួស​មកវិញ​នូវ​ទំព័រ​ថ្មី​៖

​ហេតុផល​ទី​១៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ គឺជា​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​របស់លោក សម រង្ស៊ី ។ ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​ដោយ​មហា​អំនួត​បំផុត​ថា​ចូលមក ដឹកនាំ​ចលនា​មហាជន​និង​កងកម្លាំងប្រដាប់អាវុធ​តាម​គំរូ​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ ១៩៨៦ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​និង​ចាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ដែល លោក សម រង្ស៊ី បានប្រកាស​រៀបចំ​បើក​យុទ្ធនាការ ម្រាម ៩ ជាច្រើន​ខែ​មកហើយ​នោះ ទីបំផុត គ្មានអ្វី​កើតឡើង​សូម្បីតែ​បន្តិច ពោលគឺ​ផែនការ​ដ៏​មហាអស្ចារ្យ​របស់លោក សម រង្ស៊ី ស្ងាត់​ជ្រៀប​ដូច​ចោរលួច​សេះ​។ ច្រក​នានា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ជាពិសេស​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មាន​សកម្មភាព​ស្ងាត់ជ្រងំ​ដោយ​មិន​បានឃើញ​មាន​សកម្មភាព​ណាមួយ​របស់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី នោះឡើយ​។

​រីឯ​លោក សម រង្ស៊ី និង​គូកន​វិញ​ក៏​មិនឃើញ​ស្រមោល​នោះដែរ ខណៈដែល​កម្លាំង​មហាជន​ដែល លោក សម រង្ស៊ី អះអាងថា មាន​រាប់ម៉ឺន រាប់សែន ឬ​រាប់លាន​នាក់ នោះ​ក៏​គ្មាន​ឃើញ​ដែរ​សូម្បី​មួយក្រុម​តូច​។ នេះ​មានន័យថា កម្លាំង​នយោបាយ​របស់លោក សម រង្ស៊ី នៅសល់តែ​សម រង្ស៊ី ខ្លួនឯង ប្រពន្ធ​គាត់ និង​មនុស្ស​មួយ​ដំបរ ស្វា​ដែល​នៅក្បែរ​គាត់​ដូចជា មួរ សុខ​ហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ ជាដើម​តែប៉ុណ្ណោះ​។

​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វីដែល ពលរដ្ឋ​ខ្មែរ រាប់ទាំង​ក្រុម​កឹម សុខា​និយម​ផង​នោះ​ត្រូវ​រាប់​លោក សម រង្ស៊ី ថា​ជា​កីឡាករ​ក្នុង​សង្វៀន​នយោបាយ​តទៅទៀត​នោះ​?

​ហេតុផល​ទី​២៖ លោក សម រង្ស៊ី ធ្វើ​នយោបាយ​បោកប្រាស់ និង​បោក​ប្រាក់​ប្រជាពលរដ្ឋ​ខ្លួនឯង​ជា​ដរាប​និង​ដោយ​ឥត​អៀនខ្មាស ។ ជាក់ស្តែង ផែនការ​ថ្ងៃ ៩ វិច្ឆិកា គឺជា​ឧទាហរណ៍​ដ៏​ច្បាស់លាស់​​បំផុត​ដែល​បញ្ជាក់​មិនអាច​ប្រកែក បាន​អំពី​បញ្ហា​នេះ​។

​លោក សម រង្ស៊ី បាន​សម្តែង​ឆាក ល្ខោន​ដូច​មែនទែន​ក្នុង​រឿង​សំបុត្រ​យន្តហោះ​ដែល ​ខ្លួន​ឥត​បាន​កក់​ទិញ​សោះ​នោះ ហើយក៏ ប្រើ​ស្ទីល​ដដែលៗ​គឺ​គ្មានអ្វី​ក្រៅពី​រៀបចំ​វ៉ា​លី បង្ហាញ​លិខិតឆ្លងដែន អូស​វ៉ា​លី​ចូលទៅ​ព្រលានយន្តហោះ សំភាសន៍​ជាមួយ​អ្នកកាសែត​ថា​ចូល​ស្រុក​ខ្មែរ​វិញ​ហើយ​ទោះ​ជាប់គុក រឺ​ស្លាប់​ក៏​ទៅ​ដែរ ។​ល​។ ប៉ុន្តែ បន្ទាប់ពី​ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករួច​ក៏​ប្រកាសថា មិនបាន​ទៅវិញ​ទេ ដោយ​មូល​ហេតុនេះ​ឬ​មូលហេតុ នោះ​តាម​ដែល​គាត់​ចង់​ថា​។

​ការពិត គោលដៅ​យុទ្ធសាស្ត្រ​របស់លោក សម រង្ស៊ី គឺ​ការប្រើ​នយោបាយ​ប្រជាភិថុតិ​ដើម្បី​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​មើលឃើញថា ខ្លួន​ជា​អ្នកក្លាហាន ជា​អ្នកប្រជាធិបតេយ្យ និង​ស្នេហា​ជាតិ​ពិត ប្រាកដ​ដើម្បី​ទាញ​កម្លាំង​ពួកគេ​មកប្រើប្រាស់​ធ្វើជា​ឈ្នាន់​នយោបាយ​។ ប៉ុន្តែ ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បានទេ ហើយ​បាត ដៃ​ក៏​មិនអាច​បាំង ​ពន្លឺព្រះអាទិត្យ បានដែរ ព្រោះ​រូបភាព​ដែល​គាត់ បានបង្ហាញ​នោះ វា​ផ្ទុយស្រឡះ​ពី​ចរិត​ពិត​របស់គាត់​ដែលជា​មនុស្ស​កំសាក ផ្តាច់ការ និង​បំផ្លាញ​ជាតិ​។

​លោក​សម រង្ស៊ី ដែល​អួត​ក្តែ​ងៗ​ថា នឹង​ចូលមក​កម្ពុជា​ឲ្យ​បាន​នៅ​ថ្ងៃ ៩ វិច្ឆិកា​នេះ​ទោះជា​ត្រូវគេ​រារាំង​យ៉ាងណាក៏ដោយ​នោះ ឥឡូវ សូម្បី​ស្រមោល​ក៏​មិនឃើញ​នៅ​ទីតាំង​ដែល​ខ្លួន​អួតថា​មក​នោះដែរ គឺ​បាន​មកដល់​ត្រឹម​ប្រទេស​ម៉ា​ឡេ​ក្នុងនាម​ជា​អ្នកទេសចរ​ម្នាក់​តែប៉ុណ្ណោះ​។ ប៉ុន្តែ សម រង្ស៊ី និង​គូកន បែរជា​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ធ្វើ​សកម្មភាព​ជំនួស​ខ្លួន​ទៅវិញ​។ នេះហើយ​ជា​កត្តា​កំណត់​នៃ​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​របស់លោក សម រង្ស៊ី សម្រាប់​ផែនការ 9 វិច្ឆិកា​។​

​ហេតុផល​ទី​៣៖ ន​លើ​ឆាក​អន្តរជាតិ ក៏​គេ​ស្ទើរតែ​លែង​និយាយ​ពី​ឈ្មោះ សម រង្ស៊ី ទៅហើយ​ដែរ​ក្រៅតែពី​បុគ្គល​មួយចំនួន​ដែលជា​ម៉ូយ​ចាស់​និង​អ្នក​ខ្លះទៀត ធ្វើជា​គាំទ្រ​សម រង្ស៊ី​ដើម្បី​រក​ប្រជាប្រិយភាព​និង​ប្រយោជន៍​សំរាប់​ខ្លួនឯង​តែប៉ុណ្ណោះ​។ ក្នុង​ការធ្វើ​នយោបាយ​ជាង ២០ ឆ្នាំ​កន្លងទៅនេះ លោក សម រង្ស៊ី ជួបតែ​នឹង​បរាជ័យ​រត់ចោលស្រុក​អត់​ស្វាង​ហើយ​ទៅ​អំ​ពុល​ទុក្ខ​គេ​ជា​ដរាប​។ អ្វីដែល សម រង្ស៊ី និយាយ​ពី​កម្ពុជា ប្រាប់​អន្តរជាតិ ទៀតសោធ សុទ្ធសឹង​ជា​ពាក្យភូតកុហក​លើគោក ក្នុងន័យ​បំផ្លាញ​ប្រទេសជាតិ​ខ្លួនឯង ដើម្បី​តែ​ផលប្រយោជន៍ នយោបាយ​ផ្ទាល់ខ្លួន​តែ ប៉ុណ្ណោះ​។ ការធ្វើ​កំហុស​ខាង​យុទ្ធសាស្ត្រ​ដ៏​ធំ​បំផុត​ដែល​សហគម​អន្តរជាតិ​ត្រូវតែ​ដកខ្លួន​អោយ​ឆ្ងាយ​ផុតពី​លោក សម រង្ស៊ី នោះ គឺ​ការប្រមាថ​មាក់ងាយ​អង្គ​ព្រះមហាក្សត្រ​និង​ជាពិសេស ការអំពាវនាវ​អោយ​កងទ័ព​ផ្តាច់ខ្លួន​ហើយ​បែរ​ចុង​កាណុង​ប្រឆាំង​រដ្ឋាភិបាល​ដែល​ទង្វើ​នេះ​គឺ​ស្មើនឹង​ការប្រកាស​ជា​ចំហរ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​​ផង​និង​ប្តូរ​របបរាជានិយម​នៅ​កម្ពុជា​ផង​។​
​ចុងក្រោយ នេះ សារព័ត៌មាន​អន្តរជាតិ​ល្បីៗ ក៏បាន​ចាប់ផ្តើម​វាយប្រហារ​លោក សម រង្ស៊ី ផងដែរ​រឿង​មិនបាន​កក់​សំបុត្រ​យន្តហោះ​។​

​ហេតុផល​ទាំងអស់នេះ​គឺជា​កត្តា​សត្យានុម័ត​មិនអាច​ប្រកែក​បាន ដែល​នាំ​ដល់​ការបរាជ័យ​នៃ​យុទ្ធនាការ​ម្រាម ៩ របស់លោក សម រង្ស៊ី​។ ស្ថានភាព​ថ្ងៃ ៩ វិច្ឆិកា នេះ ក៏​អាច​វាស់​ស្ទង់​បាន យ៉ាងច្បាស់​លាស់​ផងដែរ​អំពី​កម្លាំង​នយោបាយ​របស់លោក សម រង្ស៊ី​។​

​តាមរយៈ​ព្រឹ​ត្ត​ការណ៍​ថ្ងៃនេះ បើ​និយាយ​ពី​ឡាន​វិញ លោក សម រង្ស៊ី គឺជា​ឡាន​ខូច ហើយ​អស់​សាំង រីឯ​អ្នកបើកបរ​ក៏​ចាស់ជរា​មើលផ្លូវ​លែងឃើញ​ទៅហើយ​។ ដូច្នេះ មធ្យោបាយ​មានតែ​មួយគត់​គឺ​ត្រូវ​ប្តូរ​ទាំង​ឡាន និង​ប្តូ​រទាំង​សាំង និង​ទាំង​អ្នកបើកបរ​ដើម្បី​ឲ្យ​មាន​សន្ទុះ​ថ្មី​។ យ៉ាងណាមិញ​ឆាកនយោបាយ​កម្ពុជា​ពេលនេះ​ត្រូវការ​តួអង្គ​នយោបាយ​ថ្មី​ក្នុង​ក្រុមប្រឆាំង​ដែល​អាច​ធ្វើជា​ដៃគូ​ដ៏​ស័ក្តិសម​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ជាតិ​ឲ្យ​លឿន​ទៅមុខ​ដោយ​គ្មាន​ឧបសគ្គ​ដូច​ក្នុង យុគសម័យ​ដែល​សម រង្ស៊ី ជា​មេបក្ស​ប្រឆាំង​នោះឡើយ​។ ជោគវាសនា​នយោបាយរ​ប​ស់លោក សម រង្ស៊ី អស់​ហាងឆេង​ត្រឹម​នេះហើយ​។ សូម​សម្រាក​ចុះ​លោក សម រង្ស៊ី goodbye ៕

​ដោយ : សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ​កំពង់ចាម​