សត្វប្រើសទម្ងន់ប្រមាណ២០០គីឡូក្រាមមួយក្បាល ត្រូវបានគេធ្វើពិធីសាសនាឧទ្ទិសកុសល ក្រោយពីបានរត់មកស្លាប់ក្នុងភូមិមួយ បន្ទាប់ពីរងការបាញ់សម្លាប់ពីព្រានព្រៃ

(ព្រះវិហារ)៖ ក្នុងសេចក្តីសោកស្តាយចំពោះការបាត់បង់សត្វប្រើសមួយក្បាលក្រោមស្នាដៃរបស់ព្រានព្រៃ និងតាមជំនឿទំនៀមទម្លាប់ ប្រជាពលរដ្ឋនៅក្នុងភូមិបុស្សធំ​ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានធ្វើពិធីសាសនាឧទ្ទិសកុសលដល់សពសត្វប្រើសមួយក្បាលទម្ងន់ប្រមាណ ២០០ គីឡូក្រាមដែលបានរត់មកស្លាប់ក្នុងភូមិក្រោយពីការបាញ់របស់ព្រានព្រៃនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ នេះ។

នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នេះ ដោយឯកឧត្តមបានឱ្យដឹងថា យោងតាមការពិនិត្យកោសល្យវិច័យរបស់មន្ត្រីមន្ទីរ បរិស្ថានខេត្តព្រះវិហារ សត្វប្រើសដែលបានស្លាប់នេះ ត្រូវបានព្រានព្រៃបាញ់ត្រូវត្រង់គល់ក ដោយគ្រាប់កាំភ្លើងប្រភេទកែច្នៃ ដែលប្រើសម្រាប់ការបរបាញ់សត្វ ហើយបានរត់គេចមកស្លាប់នៅក្នុងភូមិបុស្សធំដែលស្ថិតនៅជាប់ដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ក្នុងរយៈពេល ២ ខែចុងក្រោយនេះ សត្វប្រើសចំនួន ៣ ក្បាលដែលក្នុងមួយក្បាលៗ មានទម្ងន់ប្រមាណ ២០០ គីឡូក្រាម ត្រូវបានស្លាប់ក្នុងទឹកដីខេត្តព្រះវិហារដែលក្នុង នោះ ១ ក្បាល ត្រូវបានរថយន្តបុកស្លាប់ និង ២ ក្បាលត្រូវបានព្រានព្រៃបាញ់សម្លាប់ហើយ ១ក្បាលចុងក្រោយនេះត្រូវបានបាញ់សម្លាប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ នេះ។ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតសត្វប្រើសទាំងនេះ ហើយឯកឧត្តម បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចបន្តពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស អ្នកប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ដោយមានប្រសាសន៍ថា៖«ពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ នៅតែបន្តលួចលាក់កាន់កាប់អាវុធកែច្នៃខុសច្បាប់ និងបានលួចចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វដែលជាទង្វើខុសច្បាប់ និងត្រូវតែប្រឈមមុខច្បាប់ ប្រសិនបើកម្លាំងសមត្ថកិច្ចចាប់បង្ក្រាបបាន»។  

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សកសពសត្វប្រើសដែលត្រូវបានព្រានព្រៃបាញ់សម្លាប់នេះ ត្រូវបានដឹកជញ្ជូន មកកាន់ខេត្តសៀមរាបដើម្បីឱ្យអ្នកជំនាញរៀបចំធ្វើជារូបសំណាក ដើម្បីទុកបម្រើផល ប្រយោជន៍ សម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រអំពីជីវៈចម្រុះ និងប្រភេទសត្វប្រើសដែលជាសត្វព្រៃ និងសម្រាប់ការដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនាពេលមានពិព័រណ៌នានាដែលក្រសួងបរិស្ថាន ចូលរួម។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ថ្លែងថា ការបំផ្លិចបំផ្លាញសត្វព្រៃត្រូវប្រឈមមុខច្បាប់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនិយាយថា «ទេ» ចំពោះសាច់សត្វព្រៃ។ ប្រសិនបើស្រឡាញ់ធនធានធម្មជាតិ សត្វព្រៃជីវៈចម្រុះគ្រប់ប្រភេទ សូមកុំបរិភោគសាច់សត្វព្រៃ ម្យ៉ាងបរិភោគសាច់សត្វព្រៃអាចបង្កផលប៉ះពាល់ដល់សុខភាព ដោយសារតែគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងសត្វព្រៃខ្លះបង្កប់ដោយមេរោគកាចសាហាវដែលអាចសម្លាប់អ្នកហូបភ្លាមៗ។ ចំពោះបញ្ហានេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើបទល្មើសទាំងនេះ ប្រជាពលរដ្ឋដែលបានឃើញជនល្មើសបរបាញ់សត្វព្រៃ ឬលក់សាច់សត្វព្រៃ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីបរិស្ថាន ឬមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាបទល្មើសសត្វព្រៃនៅតែកើតមាន ប៉ុន្តែលោកបានគូសបញ្ជាក់ថា ចំនួននៃបទល្មើសមានការថយចុះដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមជនល្មើស ការទប់ស្កាត់បង្ក្រាបបទល្មើស និងការដកអន្ទាក់ពីក្នុងព្រៃ ការចុះផ្សព្វផ្សាយអប់រំ ណែនាំ ការចុះបិទខិត្តប័ណ្ណ រាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានជំរុញឱ្យប្រជាពលរដ្ឋដែលកាន់កាប់ ដោយខុសច្បាប់នូវកាំភ្លើងកែច្នៃត្រូវប្រគល់ជូនដល់ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងបញ្ឈប់ការបរបាញ់សត្វ ឬដាក់អន្ទាក់សត្វដែលជាទង្វើខុសច្បាប់។ លោកបានបញ្ជាក់ថាកន្លងទៅនេះដោយអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋមួយចំនួន​ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ បានស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃដល់សមត្ថកិច្ច។

លោកក៏បានឱ្យដឹងផងដែរថា ដោយសារតែប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ សត្វព្រៃជាច្រើន ត្រូវបានមើលឃើញថា មានចំនួនកើនឡើងក្នុងតំបន់ការពារធម្មជាតិដូចជាប្រភេទសត្វជ្រូកព្រៃ ប្រើស ខ្លាឃ្មុំ ស្វាក្រវ៉ាត់ មាន់ព្រៃ សំពោចភ្នំ ឈ្លូសនិងសត្វជាច្រើនប្រភេទទៀតក្នុងនោះមានទាំងសត្វកម្រផងត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានទំហំប្រមាណ ៧,៥ លានហិកតា និងមានម​ន្ត្រីឧទ្យានុរក្សចំនួន ១២២០ បាននិងកំពុងដើរល្បាត ការពារធនធានធម្មជាតិ និងអភិរក្សជីវៈ ចម្រុះ សម្បត្តិធម្មជាតិ និងវប្បធម៌ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕ ដោយ៖ចំណាន